យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរទទួលបន្ទុកកិច្ចការសម័យបុរាណរបស់ ប្រទេសអ៊ីស្រាអ៊ែល ហៅកាត់ថា (IAA) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រូបចម្លាក់ស្ត្រីជួតក្រម៉ាលើក្បាល ត្រូវបានគេកំណត់ថា មានអាយុកាលប្រមាណ២.៥០០ឆ្នាំមុន ត្រូវបានរកឃើញនៅក្នុងវាលខ្សាច់ Negev ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល ។
រូបចម្លាក់បុរាណដ៏កម្រនេះ ត្រូវបានគេជឿជាក់ថា ត្រូវបានប្រើប្រាស់នៅចុងបញ្ចប់នៃយុគសម័យលោហធាតុដែក ឬនៅអំឡុងពេលកកើតពែរ្ស ត្រូវបានរកឃើញដោយក្មេងប្រុសម្នាក់អាយុ១១ឆ្នាំ ក្នុងអំឡុងពេលគ្រួសារមួយបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ Habesor Stream ស្ថិតនៅភាគពាយព្យនៃវាលខ្សាច់ Negev ។
រូបចម្លាក់បុរាណនោះមានរាងពងក្រពើ និងមានកម្ពស់៧សង់ទីម៉ែត្រ និងទទឹង៦សង់ទីម៉ែត្រ ត្រូវបានធ្វើឡើងដោយពុម្ពមួយ ។ វាបង្ហាញអំពីរូបស្ត្រីម្នាក់ ដែលមានច្រមុះផុសឡើងខ្ពស់ ជួតក្រម៉ានៅលើក្បាល និងបង់ក ហើយដៃរបស់នាងបត់ទ្រក្រោមដើមទ្រូង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា