បរទេស៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការប្រកាស ក្នុងការទទួលស្គាល់និងអនុម័តវ៉ាក់សាំង Johnson&Johnson ដើម្បីអាចយកទៅប្រើប្រាស់ជាបន្ទាន់ ជាមួយនឹងវ៉ាក់សាំងមួយចំនួនទៀត។
គួរឲ្យដឹងដែរថាវ៉ាក់សាំង J&J បានក្លាយទៅជាវ៉ាក់សាំងទី៣ហើយដែល WHO បានអនុម័តឲ្យប្រើប្រាស់បន្ទាប់ពីវ៉ាក់សាំង Pfizer និង AstraZeneca និងក៏ជាវ៉ាក់សាំងដំបូងគេផងដែរដែលនឹងអាចប្រើប្រាស់ តែមួយដូសប៉ុណ្ណោះ។
នេះមានន័យថាវ៉ាក់សាំង J&J នឹងអាចប្រើប្រាស់នៅក្នុងគ្រប់ប្រទេសទាំងអស់ព្រមទាំងនឹង ប្រើប្រាស់នៅក្នុងកម្មវិធីជំនួយវ៉ាក់សាំងសម្រាប់បណ្តា ប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍដែលមានឈ្មោះថា COVAX និងនៅបន្ទាប់ពីភ្នាក់ងារថ្នាំពេទ្យរបស់សហភាពអ៊ឺរ៉ុប EMA បានអនុញ្ញាតិឲ្យប្រើប្រាស់ J&J នេះជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមលោក Paul Stoffels ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ J&J បាននិយាយថាតាមផែនការក្រុមហ៊ុនរំពឹងទុកថានឹងផលិតវ៉ាក់សាំងរបស់ខ្លួន ឲ្យបាន៣ពាន់លានដូសនៅក្នុងឆ្នាំក្រោយបន្ទាប់ពីបានសន្យាថា នឹងចែកចាយវ៉ាក់សាំងរបស់ខ្លួនឲ្យបាន១ពាន់លានដូស នៅក្នុងឆ្នាំ២០២១នេះ៕
ប្រែសម្រួល៖ស៊ុនលី