បរទេស៖ សារព័ត៌មាន Taiwan News បានផ្សាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានប្រើពាក្យថា « ប្រទេស » នៅពេល ដែលលោកបាននិយាយអំពីកោះតៃវ៉ាន់ ក្នុងពេលបើកសវនាការ សភានៅសប្តាហ៍នេះ ដោយបានបំបែកបម្រាមមុន ៗ ក្នុងចំណោមមន្រ្តី អាមេរិក អំពីការប្រើប្រាស់ពាក្យពេចន៍ បែបនោះសំដៅទៅលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯងដើម្បីចៀសវាង កុំអោយប្រទេសចិនខឹង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភា ស្តាប់អំពីរបៀបវារៈនយោបាយ ការបរទេស រដ្ឋបាល របស់ Biden, លោក Antony Blinken បានឆ្លើយតបទៅនឹង អ្នកតំណាងរាស្រ្ត មកពីគណបក្ស សាធារណរដ្ឋ មកពីរដ្ឋ កាលីហ្វ័រញ៉ា Young Kim ដែលបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក ដាក់បញ្ចូលកោះតៃវ៉ាន់ នៅក្នុងកិច្ចប្រជុំកំពូល ប្រជាធិបតេយ្យ នាពេលខាងមុខ។
លោក Blinken បាននិយាយថា « ខ្ញុំចែករំលែកទស្សនៈរបស់អ្នកថា តៃវ៉ាន់គឺជាប្រទេស ប្រជាធិបតេយ្យដ៏ខ្លាំងក្លា ថាមពលបច្ចេកវិទ្យាខ្លាំង និងជាប្រទេសមួយ ដែលអាចជួយដល់ពិភពលោក ដែលមិនត្រឹមតែ ចំពោះប្រជាជនរបស់ខ្លួនប៉ុណ្ណោះទេ ហើយកូវីដគឺជាឧទាហរណ៍ស្រាប់ដ៏ល្អមួយ»។
សូមជម្រាបថា ក្រសួងការបរទេសអាមេរិក ធ្លាប់មានគោលនយោបាយ ដែលមិនបានសរសេរ ដើម្បីចៀសវាងការប្រើប្រាស់ពាក្យ “ ប្រទេស” នៅពេលសំដៅទៅលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះអ្វីដែលហៅថា“ គោលនយោបាយចិនតែមួយ” ៕