ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ ជម្រុះជើងឯក ពិភពលោក សម្រាប់ទ្វីបអាស៊ី ពេលនេះ សហព័ន្ធបាល់ទាត់ ទ្វីបអាស៊ី (AFC) បានកំណត់ពីប្រទេស ដែលត្រូវធ្វើជាម្ចាសើផ្ទះ សម្រាប់ប្រកួតឲ្យចប់ នៃការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី សម្រាប់ឆ្នាំ ២០២២ (2022 FIFA World qualification –AFC Second Round) ជាផ្លូវការហើយ ។
សហព័ន្ធបាល់ ទាត់អាស៊ី បានជជែកពីបញ្ហានេះ ជាច្រើនលើកច្រើនសារ ទើបសម្រេចយកប្រទេសបារ៉ែន ធ្វើជាដែនដីកណ្ដាល សម្រាប់ការប្រកួត ដែលនៅសេសសល់ ។ កម្ពុជាដែលស្ថិតនៅពូល C នោះមានអ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និង ហុងកុង នោះ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យ ប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដី កណ្ដាលទទួលក្រុមទាំង៤ខាងលើ ។
យោងលើលក្ខន្តិកៈ សហព័ន្ធកីឡាបាល់ទាត់ ទ្វីបអាស៊ី តម្រូវឲ្យប្រទេស ដែលមានបំណង ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតជម្រុះតាមពូល ព្រឹត្តិការណ៍ដដែលខាងលើ ត្រូវតែមានសណ្ឋាគារ លំដាប់ផ្កាយ៥ យ៉ាងតិចចំនួន៥ នៅជិតកន្លែង ស្នាក់នៅ របស់ក្រុមចូលរួម, ទីលានហ្វឹកហាត់ ដែលមានគុណភាពខ្ពស់ ចំនួន៥ និងពហុកីឡដ្ឋាន ចំនួន ២ ដែលត្រូវនឹងស្តង់ដារ អន្តរជាតិ ។
សូមបញ្ជាក់ថា ក្រុម កម្ពុជានឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយ ជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ។
អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មាន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែនដែលមាន ៩ពិន្ទុក្នុងដៃ ។ចំពោះអ៊ីរ៉ង់ ឈរនៅលេខ ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃរីឯហុងកុង ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងខណៈដែលកម្ពុជាឈរ នៅចំណាត់ថ្នាក់លេខ៥ ដែលអស់ឱកាសឡើង ទៅជុំទី៣ នៃវគ្គជម្រុះ បាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែង ធ្វើយ៉ាងណា ឲ្យរួចផុត ពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ ៕