បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសចិនឲ្យហៅត្រឡប់ទៅវិញ នូវទូកចិនជាង២០០គ្រឿង ដែលខ្លួននិយាយថា ត្រូវបានគេប្រទះឃើញតំបន់ថ្មប៉ប្រះទឹកក្នុង ដែនសមុទ្រចិនខាងត្បូង និងនិយាយថា វត្តមាននាវាទាំងនោះ បានបំពានសិទ្ធិដែនសមុទ្រ ស្របពេលដែលចិនអះអាងកម្មសិទ្ធិ។
អាជ្ញាធរហ្វីលីពីនបាននិយាយថា កងកម្លាំងការពារដែនសមុទ្រហ្វីលីពីន បានរាយការណ៍ថា ទូកប្រហែល២២០ គ្រឿង ដែលគេជឿថាប្រើប្រាស់ដោយបុគ្គលិកកងជីវពលសមុទ្រចិននោះ ត្រូវបានគេប្រទះឃើញចតនៅតំបន់ថ្មប៉ប្រះទឹក Whitsun ដែលទីក្រុងម៉ានីលហៅថាតំបន់ថ្មប៉ប្រះទឹក Julian Felipe កាលពីថ្ងៃទី០៧ ខែមីនា។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានមានប្រសាសន៍ប្រាប់ថា “យើងអំពាវនាវឲ្យចិនបញ្ឈប់ទង្វើបំពាននេះ និងហៅត្រឡប់ទៅវិញភ្លាម នូវទូកដែលកំពុងតែបំពានកម្មសិទ្ធិដែនសមុទ្ររបស់យើងទាំងនេះ និងការរុករានចូលក្នុងដែនអធិបតេយ្យភាពរបស់យើង”។
គួរបញ្ជាក់ថា មន្ត្រីនាំពាក្យកងកម្លាំងម៉ារីន លោកឧត្តមនាវី Edgard Arevalo បានប្រាប់ថា យោធាហ្វីលីពីន បានធ្វើប្រតិបត្តិការល្បាតដែនអាកាសនិងសមុទ្រ នៅដែនសមុទ្រចិនខាងត្បូង ដើម្បីធ្វើសេចក្តីរាយការណ៍នោះឲ្យមានសុពលភាពបន្ថែមទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានោះទេ៕ប្រែសម្រួល៖ប៉ាង កុង