ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ លោកចូ បៃដិនថា ជនជាតិអាមេរិក ដើមកំណើត អាស៊ីច្រើនណាស់ កំពុងរស់នៅក្នុង ភាពភ័យខ្លាច

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សាប្រឆាំង នឹងជនជាតិអាមេរិក ដើមកំណើតអាស៊ី ដោយលោកនិយាយថា ពួកគេជាច្រើននាក់ ត្រូវបានគេបង្ខំឱ្យព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ពួកគេ ចំពេលមានឧក្រិដ្ឋកម្មស្អប់ខ្ជើម មកលើជនជាតិអាមេរិក ដើមកំណើតអាស៊ី បានកើនឡើងនៅសហគមន៍នានា នៅសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃដិន និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានស្តីបន្ទោសអតីតរដ្ឋបាល អាមេរិកមុន ចំពោះការធ្វើបាបប្រជាជន អាមេរិកាំង ដើមកំណើតអាស៊ី ចំពោះការរីករាលដាល វីរុសកូវីដ១៩ ។

ប្រធានាធិបតីបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅអាត្លង់តា បន្ទាប់ពីកិច្ចប្រជុំ របស់លោក ជាមួយមេដឹកនាំសហគមន៍ ដើមកំណើតអាស៊ីអាមេរិក នៅទីនោះថា «ពួកគេត្រូវបានគេវាយប្រហារ បន្ទោស ធ្វើបាប និងធ្វើទុក្ខបុកម្នេញ ។ ពួកគេត្រូវបានគេវាយធ្វើបាប ដោយពាក្យសំដី ធ្វើបាបរាងកាយ សំលាប់» ។ ករណីដែលបានចងក្រងជាឯកសារ នៃការស្អប់ខ្ជើមប្រឆាំង នឹងជនជាតិអាមេរិក ដើមកំណើតអាស៊ី បានកើនឡើងយ៉ាងខ្លាំង កាលពីឆ្នាំមុន។

ការកត់សម្គាល់នេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់ សម្លាប់យ៉ាងសាហាវនៅឯស្ប៉ាចំនួន៣កន្លែង នៅអាត្លង់តា និង Cherokee County រដ្ឋ Georgia ដែលបានបណ្តាល ឲ្យ មនុស្ស ៨ នាក់បានស្លាប់ក្នុងនោះ ៦ នាក់ ជាស្ត្រីអាស៊ី។ ជនរងគ្រោះ ៤ នាក់ក្នុងចំណោម ជនរងគ្រោះទាំងអស់ ត្រូវបានគេស្គាល់ថា ជាស្ត្រីជនជាតិកូរ៉េ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top