បរទេស៖ សហរដ្ឋអាមេរិកនិងអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នវ បានរួមគ្នាដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំពីរដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីការធ្វើរដ្ឋប្រហារនាថ្ងៃទី០១ ខែកុម្ភៈ និងការបង្ក្រាបបណ្ដាលឲ្យ មានមនុស្សស្លាប់ ហើយទីក្រុងវ៉ាស៊ីនតោនហៅទណ្ឌកម្មនេះថា ជាការឆ្លើយតបចំពោះអំពើហិង្សានិងការរំលោភបំពាន ដ៏គួរឲ្យខ្ពើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ទណ្ឌកម្មទាំងនោះ ផ្តោតគោលដៅលើក្រុមហ៊ុន Myanma Economic Holdings Public Company Ltd និងក្រុមហ៊ុន Myanmar Economic Corporation Ltd។
ចំណែកប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ ក៏បានដាក់ទណ្ឌកម្មស្រដៀងគ្នានេះដែរ ដោយលើកឡើងពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរធ្វើឡើងដោយយោធា លើពួកជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា។
ប៉ុន្តែនៅពេលភ្លាមៗនេះ តំណាងរបស់ក្រុមហ៊ុនធំៗទាំងពីរនោះ មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង