បរទេស៖ ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩រួចហើយ នឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាខេត្តចំនួន ៦ ដែលនឹងចាប់ផ្តើមនៅខែក្រោយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទាំងឡាយណាដែលបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ រួចហើយ ក៏នៅត្រូវតែធ្វើចត្តាឡីស័ក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រយៈពេលនៃការធ្វើចត្តាឡីស័កនេះ គឺត្រូវបានកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃ។
នៅក្នុងខែកក្កដាខាងមុខ ខេត្ត ភូកេត នឹងក្លាយជាខេត្តដំបូងគេដែលលើកលែងលក្ខខណ្ឌផ្តាច់មុខ សម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសឡើងវិញ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡា Phiphat Ratchakitprakarn កាលពីថ្ងៃសុក្របាននិយាយថា មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានអនុម័តលើផែនទីបង្ហាញផ្លូវ ៣ ដំណាក់កាល ដើម្បីបើកឡើងវិញនូវខេត្តទេសចរណ៍សំខាន់ៗចំនួន ៦ គឺខេត្តភូកេត ខេត្តក្រាប៊ី ខេត្តផាងណា ខេត្ត ស៊ូរ៉ាតថានី (កោះសាមុយ) ឆុនបូរី (ប៉ាតាយ៉ា) និងឈៀងម៉ៃ ចំពោះភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់៕
ប្រែសម្រួលៈ ណៃ តុលា