ភ្នំពេញ ៖ ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ សម្រេចបាន៤៣,៤៦ភាគរយហើយ គិតត្រឹមថ្ងៃទី២៦ មិនាកន្លងមកនេះ ខណៈល្បឿននៃការសាងសង់បាននិងកំពុងធ្វើយ៉ាងសកម្ម ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី៣១ មិនាកន្លងមកថា ល្បឿននៃការសាងសង់ផ្លូវនេះ នឹងបញ្ចប់តាមផែនការ នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២២ ដោយបច្ចុប្បន្នក្នុងមួយសប្តាហ៍យើងសម្រេចបាន១គីឡូម៉ែត្រ ហេតុនេះយើងមិនចង់លឿនជាងផែនការទេ តែបើសម្រេចបានតាមផែនការ ជាការប្រសើរណាស់។
លោកបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុតាមលក្ខណៈបច្ចេកទេស គឺមានភាពធន់ និងមាំក្នុងកម្រិតស្តង់ដាអន្តរជាតិឬ កម្រិតល្អបំផុត” ។ លោកបន្ថែមថា “នៅពេលយើងមានលុយច្រើន យើងធ្វើបានល្អប្រសើរហើយ” ។
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជាផ្លូវប្រវត្តិសាស្ត្រថ្មីមួយនៅកម្ពុជា និយាយដោយឡែក ប៉ុន្តែនិយាយជារួមវាជាផ្លូវតំណាងឲ្យមិត្តភាពរ៉ឹងមាំដូចដែកថែប នៃចំណងមិត្តភាពកម្ពុជា និងមហាមិត្តចិន។ ការកសាងផ្លូវនេះ ក៏ជាផ្នែកមួយ នៃគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់មហាយក្សចិនផងដែរ ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវតម្លៃ១៩០០លានដុល្លារអាមេរិកនេះ នៅថ្ងៃទី២២ មិនាឆ្នាំ២០១៩ ។
ចំណុចពិសេសនៃផ្លូវនេះ
លោកវ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវនេះពិតជាមានចំណុចពិសេសមួយចំនួន ខុសពីផ្លូវធម្មតា ដូចជាទី១ ផ្លូវនេះមានចំណតឈប់សំរាកចំនួន៣កន្លែង ទី២ មានស្ពានតូច៥កន្លែង និងស្ពានធំចំនួន៨០កន្លែង មានប្រវែងសរុប៦០១៥ម៉ែត្រ ទី៣ មានស្ពានអាកាសដែលមានសណ្ឋាន ដូចស្ពានអាកាសស្ទឹងមានជ័យ៦កន្លែង និងសាគួរ១កន្លែង ទី៤ ការសាងសង់ផ្លូវនេះនឹងធ្វើរបងបិទជិត មិនឲ្យសត្វពាហនៈ ម៉ូតូ និងរ៉ឺម៉កម៉ូតូឆ្លងកាត់បាននោះទេ។
ទី៥ មានមណ្ឌលប្រតិបត្តិការថែរទាំ យានយន្តចំនួន១កន្លែង ពិសេសកន្លែងបង់លុយ ពីរថយន្តឆ្លងកាត់ ទី៦ ផ្លូវនេះមានចម្ងាយខ្លី ធៀបជាមួយផ្លូវជាតិលេខ៤ ដែលមានចម្ងាយ២២៤ គីឡូម៉ែត្រ តែផ្លូវនេះមានចម្ងាយជាង១៩០គីឡូម៉ែត្របន្តិចប៉ុណ្ណោះ និងទី៧ ផ្លូវនេះតម្រូវឲ្យអ្នកបើកបរយានយន្តបើកបរ ក្នុងល្បឿន៩០ទៅ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ៕ propertyarea