បរទេស៖ ក្រសួងការបរទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសបារាំង បានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់បង្ហាញគោលជំហរអំណោយទាន ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែដោយប្រយោល ដែលប្រារព្ធធ្វើឡើងជាមួយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងវីយែន នាសប្ដាហ៍ក្រោយ ជាផ្នែកនៃកិច្ចប្រឹងប្រែងកាន់តែទូលាយ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។
ក្រោយកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីរ៉ង់លោក Javad Zarif នោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានស្នើឲ្យអ៊ីរ៉ង់ឈប់បំពានបន្ថែមទៀត លើការប្តេជ្ញានុយក្លេអ៊ែបច្ចុប្បន្ន ដើម្បីជួយដល់ការពិភាក្សាគ្នា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Jean-Yves Le Drian បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជំរុញលើកទឹកចិត្តអ៊ីរ៉ង់ ឲ្យធ្វើខ្លួនឲ្យមានអំណោយផលល្អ ក្នុងកិច្ចពិភាក្សាគ្នា ដែលគ្រោងនឹងធ្វើឡើង”។
លោកបានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “ពួកគេមានអត្ថន័យជួយក្នុងការកំណត់នូវការបោះជំហានទៅមុខ ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ ដែលនឹងត្រូវការជាចាំបាច់ ដើម្បីវិលត្រឡប់មកធ្វើការអនុវត្តតាមទាំងស្រុង នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ”៕
ប្រែសម្រួល៖ប៉ាង កុង