ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ស្នើឲ្យបើកផ្លូវ ចូលជាសម្ពន្ធមិត្តណាតូ ក្រោយរុស្ស៊ីបង្កើនទ័ព នៅក្បែរព្រំដែន

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើឲ្យអង្គការណាតូ បើកផ្លូវឲ្យប្រទេស អ៊ុយក្រែន ចូលរួមជាមួយសម្ពន្ធមិត្តយោធា លោកខាងលិច ក្រោយប៉ុន្មានថ្ងៃ ដែលរុស្ស៊ីបានបង្កើនយោធាខ្លួន នៅជិតតំបន់ Donbass ដែលមានជម្លោះ ។

លោក Volodymyr Zelenskiy បានមានប្រសាសន៍ប្រាប់អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទថា ណាតូ គឺជាផ្លូវតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ ហើយការបើកផ្លូវឲ្យប្រទេស អ៊ុយក្រែន ចូលជាសមាជិកសម្ពន្ធមិត្ត នឹងជាការបង្ហាញដ៏ពិតប្រាកដមួយ ចំពោះរុស្ស៊ី។

ក្រៅពីនោះ តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានស្នើឲ្យបណ្ដាប្រទេស ជាសមាជិក របស់អង្គការណាតូ ធ្វើការពង្រឹងវត្តមានយោធា របស់ពួកគេ នៅក្នុងតំបន់ នៃសមុទ្រខ្មៅផងដែរ។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានធ្លាប់បានវាយលុកផ្នែកការទូត ដើម្បីទទួលបានការគាំទ្រ ពីបណ្ដាប្រទេសលោកខាងលិច និងអង្គការណាតូ នៅក្នុងជម្លោះជាប់គាំងមួយជាមួយប្រទេសរុស្ស៊ី ស្តីពីតំបន់ Donbass បង្កឲ្យមានក្តីព្រួយបារម្ភ ចាប់តាំងពីចុងខែមីនាមក ជុំវិញការបង្កើនកងទ័ពរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top