កីឡា

ក្រុមអត្តពលិកកម្ពុជា៣០ប្រភេទកីឡាចូលជួបសម្តែងការគួរសម និងជម្រាប់លាសម្តេចតេជោ ហ៊ុន សែនចេញបំពេញបេសកកម្មនៅហ្វីលីពីននៅរសៀលនេះ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីសមាសភាពតាមប្រភេទកីឡា កម្ពុជាត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនហើយដើម្បីចូលជួបសម្តែងការគួរសម និងជម្រាប់លាសម្តេចតេជោ ហ៊ុន សែនចេញបំពេញបេសកកម្ម។


កីឡាចំនួន ៣០ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។


យោងតាមបញ្ជីឈ្មោះចុះហត្ថលេខាសម្រេចដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានឲ្យដឹងថាកីឡាទាំង ៣០ ប្រភេទ នោះមាន កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃីក-ប៊ុកស៊ីង(Kick-Boxing), E-Sports ,កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។


នៅក្នុងចំណោម៣០ប្រភេទកីឡានោះ កម្ពុជាមានជំនឿចិត្តលើ៩ប្រភេទកីឡាដែលមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។


សូមបញ្ជាក់ថាកាលស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងចំណោមប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយដណ្ដើមបានមេដាយមាស៣គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង ៕ដោយ៖លី ភីលីព

Most Popular

To Top