បរទេស ៖ ស្របពេលមានសេចក្តី រាយការណ៍ អំពីការបង្កើនយោធា រុស្ស៊ី ទ្រង់ទ្រាយធំ នៅតាមព្រំដែន អ៊ុយក្រែន និងនៅក្នុងតំបន់ គ្រីមានោះ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ របស់ខ្លួន ជុំវិញផែនការរបស់វិមានក្រឹមឡាំង រារាំងនាវាទ័ពជើងទឹក បរទេស និងនាវារដ្ឋផ្សេងទៀត មិនឲ្យធ្វើដំណើរចូលសមុទ្រខ្មៅ ។
លោក Ned Price ជាមន្ត្រីនាំពាក្យឲ្យ ក្រសួងការបរទេសអាមេរិក បានហៅទង្វើ រុស្ស៊ីនោះ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ជាផ្នែកនៃទង្វើប្រវត្តិសាស្ត្រដ៏គឃ្លើន របស់ប្រទេស រុស្ស៊ី ផ្តោតគោលដៅលើនាវា អ៊ុយក្រែន និងជាការបង្កើនឡើង មួយផ្សេងទៀតក្នុងយុទ្ធនាការ កំពុងប្រព្រឹត្តទៅរបស់ទីក្រុងមូស្គូ ធ្វើឲ្យប៉ះពាល់និងបង្ក អស្ថិរភាពដល់អ៊ុយក្រែន ។
លោក Ned Price បានមានប្រសាសន៍បន្ត ដូច្នេះថា “សហរដ្ឋអាមេរិកបានធ្វើការបញ្ជាក់ជាថ្មី នូវការគាំទ្រឥតងាករេរបស់ខ្លួន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន ស្ថិតនៅក្នុងព្រំដែន ដែលអន្តរជាតិទទួលស្គាល់ ដែលលាតសន្ធឹងដល់ដែនទឹក ហើយសហរដ្ឋអាមេរិកមិន ហើយនឹងមិនទទួលស្គាល់ការដាក់តំបន់គ្រីមាចូលជា ឧបសម្ព័ន្ធរបស់រុស្ស៊ីនោះទេ” ។
គួរបញ្ជាក់ថា ក្តីព្រួយបារម្ភអំពីជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន បានមានការកើនឡើង ស្របពេលមានការ បង្កើនយោធាថ្មីៗនេះរបស់រុស្ស៊ី នៅជុំវិញតំបន់ព្រំដែនអ៊ុយក្រែន ជាលំដាប់ នៃការបង្កើនទ័ពមួយ ដែលលោក Ned Price និយាយថា មិនធ្លាប់បានឃើញចាប់តាំង ពីការឈ្លានពានរបស់រុស្ស៊ីមក៕
ប្រែសម្រួល៖ប៉ាង កុង