ព័ត៌មានអន្តរជាតិ

លោក ពូទីន ព្រមានលោកខាងលិច ពីការឆ្លើយតបដ៏ខ្លាំងក្លា ប្រសិនបើហ៊ានឆ្លង បន្ទាត់ក្រហមរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើការព្រមានបណ្ដាប្រទេស លោកខាងលិច មិនឲ្យឆ្លងបន្ទាត់ក្រហម របស់រុស្ស៊ី ដោយនិយាយថា ទង្វើបែបនោះ នឹងបង្កឲ្យមានការឆ្លើយតប រហ័សយ៉ាងសាហាវ ។

ការព្រមានបែបនេះ របស់ប្រធានាធិបតីរុស្ស៊ីនេះ គឺត្រូវបានធ្វើឡើងក្នុងសុន្ទរកថា ជាតិប្រចាំឆ្នាំរបស់លោក ស្របពេលមានភាព តានតឹង កំពុងតែកើនកម្តៅខ្លាំងឡើង ជាមួយលោកខាងលិច ជុំវិញបញ្ហាអ៊ុយក្រែន និងមេដឹកនាំប្រឆាំងលោក ពូទីន គឺលោក Alexei Navalny ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ពូទីន បានមានប្រសាសន៍ប្រាប់ថា មហាអំណាចលោកខាងលិច ប្រឹងប្រែងព្យាយាមធ្វើការរំខាន ដល់ប្រទេសរុស្ស៊ីជានិច្ច ។

គួរបញ្ជាក់ថា ប៉ូលិសរុស្ស៊ី បានឃាត់ខ្លួនអ្នកគាំទ្រលោក Navalny ជិត១០០នាក់ ដែលធ្វើក្បួនដង្ហែ នៅក្នុងទីក្រុងមួយចំនួន នៅក្នុងប្រទេសភាគខាងកើត ដែលរួមទាំងទីក្រុង Vladivostok ទីក្រុង Irkutsk និងទីក្រុង Krasnoyarsk ហើយអាជ្ញាធរបានប្រកាសថា ក្បួនដង្ហែទាំងនោះគឺខុសច្បាប់៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top