ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ពន្ធមិត្ត ចាប់ផ្តើមដកទ័ព ចេញពីតំបន់ ក្នុងប្រទេស អាហ្វហ្គានីស្ថាន

បរទេស ៖ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកប្រចំានៅអាហ្វហ្គានីស្ថាន បាននិយាយក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិក និងកងកម្លាំងសម្ពន្ធមិត្ត បានចាប់ផ្តើមដំណើរ ការដកកងទ័ពខ្លួន ចេញពីតំបន់នានា ក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ ។

លោកឧត្តមសេនីយ៍ Austin Scott Miller ជាមេបញ្ជាការ នៃកងកម្លាំងអាមេរិកប្រចាំ នៅអាហ្វហ្គានីស្ថាន និងបេសកកម្មគាំទ្រ របស់ណាតូ បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត នៅទីក្រុងកាប៊ុលថា កងកម្លាំងអាមេរិក និងណាតូ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមខ្លួន ធ្វើការដកកងទ័ព នៅមុនកាលបរិច្ឆេទគោលដៅ ដែលបានប្រកាស គឺថ្ងៃទី០១ខែឧសភា ។

យោងតាមសេចក្តីរាយការណ៍ លោកមេបញ្ជាការកងទ័ព អាមេរិកប្រចំានៅអាហ្វហ្គានីស្ថានរូបនេះ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ថ្ងៃជូនដំណឹង នឹងជាថ្ងៃទី០១នៃខែឧសភា ប៉ុន្តែនៅពេលជាមួយគ្នានេះដែរ យើងចាប់ផ្តើមធ្វើសកម្មភាពក្នុងតំបន់ ហើយយើងបានចាប់ ផ្តើមរួចរាល់ហើយ” ។

គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានចាប់ផ្តើមរួចរាល់ហើយ ក្នុងកាចល័តសម្ភារៈចេញ ពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយសេចក្តីប្រកាសពីការ សម្រេចចិត្តរបស់លោក ប្រធានាធិបតី ចូ បៃដិន កាលពីដើមខែនេះ ឲ្យដកកងទ័ពអាមេរិកទាំងអស់ចេញ ពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ ខែកញ្ញា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top