បរទេស ៖ ក្រោយសេចក្តីប្រកាស ធ្វើឡើងដោយរដ្ឋមន្ត្រី សុខាភិបាល លោក Fahrettin Koca ថាថ្នាំវ៉ាក់សាំង កូវីដ១៩រុស្ស៊ី Sputnik V ក្នុងពេលខាង មុខឆាប់ៗនេះ នឹងមាននៅក្នុងប្រទេសនោះ ក្រុមហ៊ុនតួកគីមួយ បាននិយាយថា ខ្លួនកំពុងតែគ្រោង ធ្វើការផលិតទ្រង់ទ្រាយធំ នូវថ្នាំវ៉ាក់សាំង ក្នុងពេលប៉ុន្មាន ខែខាងមុខនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយមូលនិធិវិនិយោគផ្ទាល់ របស់រុស្ស៊ី RDIF ក្រុមហ៊ុននោះបាននិយាយថា ក្រុមហ៊ុនឱសថ Viscoran İlaç នឹងផលិតថ្នាំវ៉ាក់សាំង ការពារមេរោគកូរ៉ូណា នៅរោងចក្ររបស់ខ្លួន ដោយការផលិតនោះ នឹងចាប់ផ្តើមក្នុង ពេលប៉ុន្មាន ខែខាងមុខនេះ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយ នៅក្នុងសេចក្តី ថ្លែងការណ៍រួមនោះ លោក Kirill Dmitriev ជានាយកប្រតិបត្តិ នៃមូលនិធិវិនិយោគ ផ្ទាល់របស់រុស្ស៊ី RDIF បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុន Viscoran İlaç ផ្តល់ឲ្យសម្រាប់ការបង្កើន សមត្ថភាពផលិតកម្ម របស់យើង និងសម្របសម្រួលដល់ការ ផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង Sputnik V ជាសកល” ។
“យើងបានធ្វើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថ ឈានមុខគេនានា នៅក្នុងប្រទេសជាច្រើន គឺនៅអាស៊ី អាមេរិកឡាទីន អឺរ៉ុប និងអង្គការអន្តររដ្ឋាភិបាល Commonwealth of Independent States និង សូមថ្លែងអំណរ គុណ ចំពោះភាពជាដៃគូទាំងនេះ ដែលថ្នាំវ៉ាក់សាំងដ៏មានសុវត្ថិភាព និងប្រសិទ្ធភាព នឹងមានសម្រាប់មនុស្ស ក្នុងប្រទេសជាង៦០”៕
ប្រែសម្រួល៖ប៉ាង កុង