ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ទំាងស្រុងក្នុងការបាញ់ បង្ហោះម៉ូឌុលស្នូល Tianhe សម្រាប់ស្ថានីយ អវកាសរបស់ខ្លួន

ហៃណាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសានេះ ប្រទេសចិន បានបញ្ជូនទៅក្នុង អវកាស នូវម៉ូឌុលស្នូល នៃស្ថានីយ៍អវកាស របស់ខ្លួន ដោយចាប់ផ្តើមនូវបេសកកម្មបាញ់បង្ហោះសំខាន់ៗ ដែលមានគោលបំណង ដើម្បីបញ្ចប់ការសាង សង់ស្ថានីយ៍នេះ នៅចុងឆ្នាំក្រោយ ។

គ្រាប់រ៉ុក្កែត Long March-5B Y2 ដែលដឹកនាំម៉ូឌុល Tianhe បានផ្ទុះចេញ ពីកន្លែងបង្ហោះយានអវកាស Wenchang នៅលើឆ្នេរនៃខេត្តកោះហៃណាន ភាគខាងត្បូងនៅម៉ោង១១និង ២៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ។

ប្រហែល ៤៩៤ វិនាទីក្រោយមក Tianhe បានផ្តាច់ចេញពីគ្រាប់រ៉ុក្កែត ហើយចូលក្នុងគន្លងតារាវិថី ដែលបានគ្រោងទុក ។ នៅម៉ោង ១២៖៣៦នាទីបន្ទះសូឡា របស់វាបានលាតត្រដាង ហើយចាប់ផ្តើមដំណើរការត្រឹមត្រូវ ។

លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងនៅក្នុងពិធីអបអរសាទរថា ការបើកដំណើរការម៉ូឌុលស្នូល ប្រកបដោយជោគជ័យ បង្ហាញថា ការស្ថាបនាស្ថានីយ៍អវកាស របស់ប្រទេសចិន បានឈានដល់ដំណាក់កាល អនុវត្តពេញលេញដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការងារតាមដាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top