បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានធ្វើការប្រកាសឲ្យរដ្ឋាភិបាល ក្នុងការបន្តដាក់រដ្ឋក្នុងកម្រិតអាសន្ន ជាមួយនឹងតំបន់ចំនួន ៦ទៀត ដូចជាទីក្រុងតូក្យូទីក្រុងអូសាកា ទីក្រុងហ៊ីយ៉ូហ្គោ និងទីក្រុងក្យូតូ ផងរហូតដល់ចុងខែឧសភា។
កម្រិតប្រកាសអាសន្ន ដែលត្រូវបានគេជឿជាក់ថា ដំបូងឡើយនឹងត្រូវបញ្ចប់ ទៅនៅត្រឹមថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលការរឹតបន្តឹងចុងក្រោយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសាដោយភោជនីយដ្ឋាន និងបារនានាមិនអនុញ្ញាតិ ឲ្យបម្រើសេវាភេសជ្ជៈឡើយ នៅក្រោយម៉ោង ៨យប់។
គួរឲ្យដឹងដែរថា ជប៉ុនបានទទួលបទពិសោធនៃ ការរងការវាយប្រហារដោយរលកកូវីដ ជាលើកទី៣ និងជាការប្រកាសដាក់រដ្ឋ ក្នុងកម្រិតប្រកាសអាសន្នលើកទី៣ ផងដែរដែលបានគ្រប់ដណ្តប់ទៅលើតំបន់ ១ភាគ៣ នៃប្រទេសឬប្រមាណជា ៤០ភាគរយ នៃពលរដ្ឋទាំងអស់របស់ខ្លួន។
ទោះបីជាយ៉ាងណាក្តី ដើម្បីជួយសម្រួលដល់កិច្ចការងារ និងអាជីវកម្មទាំងឡាយជប៉ុន បានប្រកាសដកបម្រាមមួយចំនួន ដូចជាការអនុញ្ញាតិឲ្យហាងលក់ទំនិញធំៗ និងរោងកុនជាដើមក្នុងការដំណើរការជាធម្មតាឡើងវិញ ប៉ុន្តែត្រូវតែស្ថិតនៅ ក្នុងគោលរណ៍សុវត្ថិភាពនិងត្រឹមម៉ោង ៨យប់ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី