បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ស្ត្រីជាជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ បានផ្តល់កំណើតដល់កូនរបស់នាងម្តង បានទៅដល់ ១០នាក់ កាលពីថ្ងៃពុធម្សិលមិញ នៅមន្ទីរពេទ្យរបស់រដ្ឋមួយកន្លែង ។
ប្រភពដដែលបានឲ្យដឹងទៀតថានាង Gosiame Sithole បានផ្តល់កំណើតដល់កូនរបស់នាងចំនួន ១០នាក់ ក្នុងពេលជាមួយគ្នាកាលពីយប់ថ្ងៃពុធ ដែលក្នុងនោះមានប្រុស ៧នាក់ និងស្រី ៣នាក់ ដោយសុខភាពល្អជាធម្មតាទាំងអស់។
អភិបាលក្រុង Ekurhuleni ដែលជាទីកន្លែងនាង Sithole បានផ្តល់កំណើតកូនទាំង១០ របស់នាងបាននិយាយថា ពួកយើងបានទទួលដំណឹងថា នាង និងគ្រួសាររបស់នាង មានសុវត្ថិភាពទាំងអស់គ្នាហើយ នឹងបន្តស្នាក់នៅទីនេះរហូតដល់ ពួកគេមានសុខភាពល្អរឺងម៉ាំឡើង។
គួរឲ្យដឹងដែរថា ក្រោយហេតុការណ៍យប់មិញនេះនាង Sithole ដែលមានវ័យ៣៧ឆ្នាំរូបនេះ បានក្លាយទៅជាម្ចាស់កំណត់ត្រាថ្មី ដែលអាចផ្តល់កំណើតទារកច្រើនបំផុត ក្នុងពេលដំណាលគ្នាហើយដែលកំណត់
ត្រាចាស់ទើបតែបានធ្វើឡើង កាលពីខែមុនដោយស្ត្រីអាយុ ២៥ឆ្នាំ ជនជាតិម៉ាលី ដែលអាចផ្តល់កំណើតកូនដល់ទៅ ៩នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី