នៅរយៈចុងក្រោយនេះ នៅក្នុងសង្គមសិល្បៈមានការចាប់អារម្មណ៍ ទៅលើកុមារី២នាក់ របស់កម្ពុជា គឺទី១ ព្រះនាងតូច នរោត្តម ជេនណា និងកុមារី ល្អហួស ដែលពួកគេមានរូបរាងស្រស់ស្អាត និងមានទេពកោសល្យសិល្បៈខ្ពស់គួរឲ្យសរសើរ។ នៅពេលនេះទៀត មានកុមារីកម្ពុជាម្នាក់ហើយ បានលេចវត្តមានជាមួយចំណុចវិជ្ជមានទាំងព្រមដែរ។
កុមារីនោះ មានឈ្មោះ លី វិជ្ជរ៉ា មានវ័យ ១២ឆ្នាំ គឺជាប្អូនស្រីបង្កើតរបស់តារាប្រុស លី ឧត្តម តារាប្រុសមួយរូបដែលលេចធ្លោក្នុងការតុបតែងខ្លួន។ កុមារីរូបនេះ បានទាក់ទាញយកការចាប់អារម្មណ៍យ៉ាងច្រើនពីប្រិយមិត្តនៅលើបណ្ដាញសង្គម។ ភាពទាក់ទាញទាំងនោះ គឺមកតាមរយៈរូបសម្រស់ និងការតុបតែងខ្លួនបានយ៉ាងសាកសមស៊ីវីល័យ មិនចាញ់តារាល្បីលំដាប់អាជីពនោះទេ។
ទាំងនោះជាអ្វីដែលគេបានឃើញនាងនៅលើបណ្ដាញសង្គម ស្របពេលដែលនាងក៏បានបង្ហាញពីគោលដៅច្បាស់នៅក្នុងសិល្បៈ គឺនាងចង់ចូលរួមប្រកួតក្នុងកម្មវិធី Miss Universe នាថ្ងៃអនាគត។ វិជ្ជរ៉ា បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា ៖ ”អនាគតពេលអូនគ្រប់អាយុ អូនចង់ទៅប្រកួតMiss Universe តើពូមីងបងប្អូនគាំទ្រទេ? ស្រលាញ់ណាស់ ចង់ណា តើអាចទេ?”។
ចំពោះសំណួរនេះ ក៏មានប្រិយមិត្តភ្លូកទឹកភ្លូកដីចូលទៅសរសេរសារឆ្លើយតប ខ្លះសរសើរត្រង់ៗពីរូបសម្បត្តិដ៏ស្រស់ផូរផង់ ការរៀបចំខ្លួន ខណៈអ្នកខ្លះទៀត ក៏មានជំនឿថា កុមារី អាចនឹងទៅរួចសម្រាប់ការប្រកួតនាពេលខាងមុខ ហើយអាចនឹងទទួលបានលទ្ធផលល្អផងក៏មិនដឹង។
ចំពោះបញ្ហានេះ លោក លី ឧត្តម ដែលជាបងប្រុសបង្កើត វិជ្ជរ៉ា ក៏ភ្ញាក់ផ្អើលដូចគ្នា ដោយមិននឹកស្មានថា ទស្សនិកជនជាច្រើន ចាប់អារម្មណ៍មកលើប្អូនស្រីខ្លួនបែបនេះសោះ។ បងប្រុសរូបនេះ បានឲ្យដឹងថា លី វិជ្ជរ៉ា មានកម្ពស់១,៦៥ម៉ែត្រ ទម្ងន់៤៥គីឡូក្រាម គឺជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ ស្រី២នាក់ ស្របពេលលោកគឺជាកូនច្បងក្នុងគ្រួសារ។ ហើយថា កូនស្រីទី៣ នេះទំនងបោះជំហានចូលសិល្បៈចៀសមិនរួចនាពេលខាងមុខ។
ឧត្តម បញ្ជាក់ថា តាមពិតឆ្នាំនេះ វិជ្ជរ៉ានៅមិនទាន់មានវ័យ១២ឆ្នាំស្រួលបួលផង គឺនាងនឹងគម្រប់វ័យ១២ឆ្នាំនៅអំឡុងខែធ្នូខាងមុខនេះ។ ថ្វីត្បិតតែលោកអ្នកសិល្បៈ តែលោកមិនដែលអូសទាញប្អូនស្រីឲ្យប្រឡូកក្នុងវិស័យសិល្បៈឡើយប៉ុន្តែកន្លះឆ្នាំចុងក្រោយនេះនាងបានបង្ហាញពីការស្រលាញ់វិស័យសិល្បៈខ្លាំង ជាច្រើនទម្រង់ទាំងការច្រៀង សម្តែង បង្ហាញម៉ូត និងពិធីករ។ ទោះជាយ៉ាងណាអ្វីដែលលោកចាប់អារម្មណ៍ថានាងមានទេពកោសល្យពីធម្មជាតិ គឺការដើរបង្ហាញម៉ូត និងពិធីករ ហើយប្រសិនបើនាងទទួលបានការបង្វឹកពីអ្នកជំនាញគឺអាចនឹងឈានឡើង។
ដូច្នេះហើយ លោកថា ក្រុមគ្រួសារទាំងមូល បានលើកទឹកចិត្តនាងបន្ថែមទៀត ដើម្បីសម្រេចក្ដីប្រាថ្នាដែលនាងស្រឡាញ់ ពោលគឺគាំទ្រពេញទំហឹងចំពោះឆន្ទៈចង់ចូលប្រឡូកក្នុងកម្មវិធីកញ្ញាឯក ឬក្នុងអាជីពសិល្បៈនៅថ្ងៃអនាគត ហើយអ្វីដែលអាចទៅព្រមជាមួយគ្នាគឺទាំងសមត្ថភាព សីលធម៌ និងចំណេះដឹង។
លី ឧត្តម បន្តថា ពេលនេះ ប្អូនស្រីលោកកំពុងសិក្សាថ្នាក់ទី៦នៃសាលាប៊ែលធីអន្តរជាតិសាខាផ្សារដីហុយ ហើយឆ្នាំក្រោយលោក និងគ្រួសារសម្រេចឲ្យនាងចូលសិក្សានៅលាលាភូមិន្ទវិចិត្រសិល្បៈ ដើម្បីបំពេញបំណង និងចង់ឲ្យនាងសិក្សាស្វែងយល់ លើចំណេះដឹងនិងរៀនពីមូលដ្ឋាននៃទម្រង់សិល្បៈបាតរបស់ខ្មែរ មុនពេលនាងចូលរួមប្រកួត ឬចូលប្រឡូកក្នុងអាជីពសិល្បៈពេញទំហឹងនៅពេលពេញវ័យ៕ ប្រភព៖sabay