ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩លើសពី២ពាន់នាក់

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ ដោយសារ ជំងឺកូវីដចំនួន ២.០០១នាក់ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស បានកើនឡើងដល់៥១១.១៤២ នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឹថ្មីចំនួន៧៩.២៧៧នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១៨.៣២២.៧៦០នាក់ ។

ក្រសួងបានឲ្យដឹងថា ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុតនៅលើពិភពលោក ដែលជាប់លំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺ ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ក្រសួងបានឲ្យដឹងផងដែរថា ប្រទេសនៅអាមេរិកខាងត្បូង មួយនេះ ធ្លាប់ជួបប្រទះនឹងរលកថ្មី នៃការឆ្លងជំងឺ ដែលមានអ្នកជំងឺពោរពេញ នៅតាមមន្ទីរពេទ្យនានា ដែលមានអត្រាមរណភាពចំនួន ២៤៣.២នាក់ ក្នុងចំណោមមនុស្ស១០០.០០០នាក់ ។

ក្រសួងបានឲ្យដឹងទៀតថា ចំនួនជាង៩៣,៣លានដូស នៃវ៉ាក់សាំងកូវីដ-១៩ត្រូវបានចាក់នៅទូទាំងប្រទេស និងពលរដ្ឋជាង២៤,៩លាននាក់ បានទទួលការចាក់ថ្នាំ ទាំង២កម្រិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top