បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការរិះគន់ភាពគ្មានទំនួលខុសត្រូវនិងអសមត្ថភាពរ៉ាំរ៉ៃនៃមន្ត្រីនានា ក្នុងការអនុវត្តតាមគោលនយោបាយរដ្ឋាភិបាល ដែលជាហេតុបណ្ដាលឲ្យផលវិបាក ធ្ងន់ធ្ងរក្នុងការប្រយុទ្ធរបស់ប្រទេស ចំពោះការរាតត្បាតនៃជម្ងឺ កូវីដ១៩។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាល កូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា មន្ត្រីមិនយកចិត្តទុកដាក់ ចំពោះការអនុវត្តតាមការសម្រេចចិត្តដ៏សំខាន់របស់បក្ស ក្នុងយុទ្ធនាការទប់ស្កាត់ជម្ងឺរាតត្បាត ដែលបានបង្កើតឲ្យមានវិបត្តិដ៏ធំ ក្នុងការធានាដល់សន្តិសុខប្រទេស និងសុវត្ថិភាពរបស់ប្រជាជន និងបង្កផលវិបាកធ្ងន់ធ្ងរ។
ការថ្លែងបែបនេះរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ គឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយនៃបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាច កាលពីថ្ងៃអង្គារ។ មន្ត្រីជាន់ខ្ពស់មួយចំនួន ត្រូវបានហៅឲ្យត្រឡប់វិញ នៅក្នុងអំឡុងកិច្ចប្រជុំនោះ។
គួរបញ្ជាក់ថា យោងតាមព័ត៌មានដែលរាយការណ៍ ទៅអង្គការសុខភាពពិភពលោក ប្រទេសកូរ៉េខាងជើង បានតេស្តរកជម្ងឺកូវីដ១៩លើមនុស្សចំនួន ៣១.០៨៣នាក់ គិតត្រឹមថ្ងៃទី ១៧ ខែមិថុនា ហើយពួកគេទាំងអស់នោះ មានលទ្ធផលអវិជ្ជមាន៕ប្រែសម្រួល៖ប៉ាង កុង