សិល្បៈ និង កម្សាន្ត

ភ្ញាក់ផ្អើល! មុននេះ នាង ខ្ញុង និយាយទាំងទឹកភ្នែក ថានឹងឈប់ពីសិល្បៈ

ភ្នំពេញ៖ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ត្រូវបានទស្សនិកប្រុសស្រីទូទាំងប្រទេសស្គាល់យ៉ាងច្បាស់ថា ជាតារាកំប្លែងស្រីជួរមុខនៅក្នុងក្រុមកំប្លែង CBS និងជាដៃគូស័ក្ដិសមបំផុតជាមួយនាយ ពាក់មី ។ 

ក្រៅពីអាជីពជាតារាកំប្លែង បច្ចុប្បន្ននេះ នាងខ្ញុង ក៏កំពុងកាក់កប ជាមួយការងាររកស៊ីជួញដូរផ្សេងៗផងដែរ នៅលើបណ្ដាញសង្គម ។ ដូច្នេះហើយទើបទស្សនិកជនមួយចំនួនធំបានទទួលស្គាល់ថា នាងខ្ញុង ជាតារាកំប្លែងស្រីល្បីឈ្មោះម្នាក់ ប៉ុន្តែមិនប្រកាន់ឫកពាឡើយ ពោលគឺមុខរបរតូចតាចដូចជា លក់ប្រហុក ផ្អក ក៏នាងអាចប្រកបទៅបានដោយទទួលបានការគាំទ្រជាច្រើន ។ 

ជាមួយគ្នានេះដែរ ប៉ុន្មានម៉ោងមុននេះ ស្រាប់តែតារាកំប្លែងស្រីសម្ដីចាក់មិនលេចខាងលើ បានធ្វើឱ្យទស្សនិកជន អ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រកាសក្ដែងៗតាមរយៈវីដេអូផ្សាយផ្ទាល់ថា នឹងឈប់ពីសិល្បៈ ដូច្នេះនាងក៏បានសុំចិត្តទស្សនិកជន អ្នកគាំទ្រនាងទាំងអស់ មេត្តានៅបន្តស្រលាញ់គាំទ្រនាង ទោះជានាងនឹងលែងជាអ្នកសិល្បៈក៏ដោយ ។ 

«ខ្ញុំសុំចិត្តបងប្អូន សូមឱ្យស្រឡាញ់ខ្ញុំ ជាខ្ញុំ កុំស្រឡាញ់ខ្ញុំ ដោយសារតែខ្ញុំជាអ្នកសិល្បៈ» នាង ខ្ញុង ពោល ។ 

តាមរយៈវីដេអូផ្សាយផ្ទាល់ រយៈពេលជិត ១ម៉ោង នាង ខ្ញុង និយាយបណ្ដើរហូរទឹកភ្នែកបណ្ដើរ យ៉ាងដូច្នេះថា នាងនឹងឈប់ពីការងារសិល្បៈ ទោះជាការងារនេះបានផ្ដល់អ្វីៗគ្រប់យ៉ាងដល់នាងដល់សព្វថ្ងៃ មិនថាទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ក៏ដោយ ប៉ុន្តែនាងមានហេតុផលផ្ទាល់ខ្លួនដែលត្រូវតែឈប់ ។ 

យ៉ាងណាក៏ដោយ នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ អ្នកនាង ខ្ញុង មិនបានបង្ហាញច្បាស់ពីមូលហេតុដែលធ្វើឱ្យនាងនឹងលាឈប់ឡើយ ដោយគ្រាន់តែបង្ហើបថា ប្រសិនបើកន្លែងមួយដែលធ្វើឱ្យនាងរស់នៅសុខស្រួល នោះនាងក៏មិនចាកចេញទៅណាដែរ ។ ប៉ុន្តែ ខ្ញុង ក៏នៅតែបញ្ចាក់ដដែលៗថា សម្រាប់ការងារសិល្បៈគឺនាងនៅតែស្រឡាញ់ ហើយការងារនេះហើយ ដែលអាចធ្វើឱ្យនាង និងមនុស្សជុំវិញខ្លួនសើចសប្បាយ ។ 

ជុំវិញការប្រកាសនឹងលាឈប់ពីសិល្បៈរបស់ នាង ខ្ញុង នេះផងដែរ Lookingtoday នឹងព្យាយាមទាក់ទង សាកសួរលម្អិត ដើម្បីផ្សាយជូនប្រិយមិត្តបានដឹងកាន់តែច្បាស់ថែមទៀត ប៉ុន្តែពេលនេះនៅមិនទាន់អាចទាក់ទងនាងបានឡើយ ។

គួរ​រំឭក​ដែរ​ថា​តារាកំប្លែង​ស្រី​មាន​សម្តី​ញ៉ែ​តៗ បែបឆ្នាស់ឆ្នើមខាងលើ ​បាន​ហក់​ចូល​វិស័យ​សិល្បៈ​កំប្លែង និង​ទទួលបានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង ខណៈ​ពេល​បាន​​ចូលរួម​សម្តែង ​ជាមួយ​ដៃគូ​សម្តែង​ប្រុស​​គឺ​នាយ ពែកមី តាំងពីកំលុងឆ្នាំ ២០០៩ មក​ម្ល៉េះ​៕

ដោយ៖ ម៉ានី

Most Popular

To Top