បរទេស៖បេសកកម្មការទូតចំនួន១៥ប្រទេស និងតំណាងអង្គការណាតូ ប្រចាំនៅក្នុងទីក្រុងកាប៊ុល នាពេលថ្មីៗនេះ បានជំរុញឲ្យពួកបះបោរតាលីបង់បញ្ឈប់ប្រតិបត្តិការវាយលុកយោធា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំសន្តិភាពក្នុងទីក្រុងដូហា បរាជ័យក្នុងការព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា។
គណៈប្រតិភូជាន់ខ្ពស់នៃថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន បានជួបជាមួយថ្នាក់ដឹកនាំនយោបាយពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ក្នុងអំឡុងពេល២ថ្ងៃកន្លងទៅ ប៉ុន្តែសេចក្តីថ្លែងការណ៍ពីពួកតាលីបង់មួយ បានចេញនៅថ្ងៃអាទិត្យ មិនបាននិយាយដល់ការផ្អាកសកម្មភាពវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ។
ដោយពោលសំដៅដល់ពិធីបុណ្យមូស្លីមក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារនេះ ប្រេសិត១៥ប្រទេសនិងតំណាងណាតូ បាននិយាយយ៉ាងដូច្នេះថា “នៅក្នុងពិធីបុណ្យ Eid al-Adha នេះ ពួកតាលីបង់គួរតែដាក់អាវុធចុះដើម្បីសេចក្តីល្អ និងបង្ហាញពីការប្តេជ្ញារបស់ពួកគេ ចំពោះដំណើរការសន្តិភាព”។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនោះ គឺត្រូវបានគាំទ្រដោយប្រទេសអូស្ត្រាលី កាណាដា សាធារណរដ្ឋឆែក ដាណឺម៉ាក គណៈប្រតិភូសហភាពអឺរ៉ុប ប្រទេសហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ហូឡង់ អេស្ប៉ាញ ស៊ុយអែត អង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងតំណាងស៊ីវិលជាន់ខ្ពស់របស់អង្គការណាតូ៕ ប្រែសម្រួល៖ប៉ាង កុង