ផ្សេងៗ

មន្ត្រីការទូតជាន់ខ្ពស់ អាមេរិក នឹងដឹកនាំកិច្ចពិភាក្សា គ្រប់គ្រងអាវុធ ជាមួយរុស្ស៊ី

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាគ្រប់គ្រងអាវុធនុយក្លេអ៊ែ ជាមួយប្រទេសរុស្ស៊ី នៅថ្ងៃទី២៨ ខែកក្កដា នៅក្នុងទីក្រុងហ្សឺណែវ។ 

នៅក្នុងជំនួបលំដាប់កំពូលដំបូង រវាងមហាអំណាចនុយក្លេអ៊ែទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន កាន់អំណាចមកនោះ លោកនិងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សា ដែលគេស្គាល់ថា កិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រអាមេរិក-រុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែ។ 

តាមសេចក្តីរាយការណ៍ លោកស្រី Wendy Sherman នឹងធ្វើដំណើរទៅទីក្រុងហ្សឺណែវ នៅថ្ងៃពុធសប្ដាហ៍ក្រោយ សម្រាប់ជំនួបដំបូងនៃការបន្តកិច្ចពិភាក្សាគ្នានោះ ក្រោយជំនួបនានានៅក្នុងប្រទេសចិន នាថ្ងៃអាទិត្យនិងថ្ងៃចន្ទ ក្រោយការឈប់ចូលក្នុងប្រទេសអូម៉ង់។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់យ៉ាងដូច្នេះថា “ជំនួបនេះគឺត្រូវបានធ្វើឡើង ក្រោយការប្តេជ្ញាមួយរវាងលោកប្រធានាធិបតី បៃដិន និងលោកប្រធានាធិបតីរុស្ស៊ី ពូទីន ឲ្យមានកិច្ចពិភាក្សាប្រកបដោយចេតនារឹងមាំ រវាងប្រទេសយើងទាំងពីឬ ដែលនឹងចាក់គ្រឹះសម្រាប់វិធានការគ្រប់គ្រង និងកាត់បន្ថយអាវុធនាពេលអនាគត”៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top