ភ្នំពេញ ៖ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលទស្សនិកជន អ្នកគាំទ្រ ពុំដែលបានដឹងដំណឹង និងបានឃើញវត្តមាន របស់អតីតតារាច្រៀង ពៅ ពុំងារ ឡើយ ។ ហើយជឿថានៅមានទស្សនិកមួយចំនួនធំ ច្បាស់ជាចងចាំឈ្មោះអតីតតារាចម្រៀង ស្រីក្នុងផលិតកម្ម Classic ម្នាក់នេះមិនភ្លេចឡើយ ខណៈដែលបច្ចុប្បន្ន នាងកំពុងរស់នៅលាក់ឈ្មោះ ពីសង្គមសិល្បៈ ជាមួយក្រុមគ្រួសាររបស់នាង ។
បច្ចុប្បន្ននេះ ព័ត៌មានអំពីអ្នកនាង ពៅ ពុំងា មានតិចតួចបំផុត នៅលើបណ្ដាញសង្គម ក៏ដូចជាគេហទំព័រព័ត៌មានក្នុងស្រុក ប៉ុន្តែគេក៏ដឹងដំណឹងខ្លះដែរថា នាងបានចូលរោងការកាលពីឆ្នាំ ២០១៧ និងសព្វថ្ងៃ កំពុងមានអាជីវកម្មផ្ទាល់ខ្លួន ធំមួយផងដែរ ក្នុងរាជធានីភ្នំពេញ ។
អ្នកនាង ពៅ ពុំងា បានធ្វើឱ្យទស្សនិកជន ស្គាល់ច្បាស់ពេលដែលនាងច្រៀង នៅក្នុងផលិតកម្ម Classic កាលពីជាង ១០ឆ្នាំមុន ដែលមានលោក ហួរ សុផល ជាម្ចាស់ផលិតកម្ម ។
ក្រៅពីមានអាជីពជាតារាចម្រៀង នាងក៏មានសមត្ថភាពសម្ដែងផងដែរ ដូច្នេះហើយទើបនាងបាន មានឱកាសចូលសម្ដែងក្នុងរឿងភាគ និងដុំ ជាហូរហែរដូចជារឿង “អាបកាលីព ០០៩” និង “គូស្នេហ៍ចៃដន្យ” ជាដើម ។
គួរឱ្យដឹងផងដែរថា អ្នកនាង ពៅ ពុំងា បានចូលច្រៀងក្នុងផលិតកម្ម Classic នាកំលុងឆ្នាំ ២០០៧-២០០៨ ដោយកាលនោះ លោក ហួ សុផល ដែលជាម្ចាស់ផលិតកម្ម បានបង្កើតក្រុមមួយឈ្មោះ Classic ។ ហើយក្រុមចម្រៀងនេះ មានតារាចម្រៀង ចំនួន៦នាក់ រួមមាន លោក សុគន្ធ ថេរ៉ាយុ លោក ករុណា ពេជ្រ លោក មង្គល ទីណា អ្នកនាង សាសា អ្នកនាង សុគន្ធ អារីយ៉ា និង អ្នកនាង ពៅ ពុំងារ ។
យ៉ាងណាមិញ សម្រាប់អ្នកនាង ពៅ ពុំងា ផ្ទាល់ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀង ដ៏មានប្រជាប្រិយមួយរូបដែរ ដោយសារតែរូបសម្រស់ និងកាយវិការក្រមិចក្រមើម របស់នាងតែម្ដង ។
នាកំលុងឆ្នាំ ២០០៩-២០១០ ក្រុមចម្រៀង Classic ត្រូវបានរំសាយ ហើយតារាចម្រៀងភាគច្រើន បាននាំគ្នាស្រវាចាប់ទ្រនំថ្មី ដូចជាលោក ករុណា ពេជ្រ, មង្គលទីណា, សុគន្ធ ថារ៉ាយុ, អ្នកនាង សាសា បាននាំគ្នាចូលជ្រកកោន ក្នុងផលិតកម្មថោន ចំណែកអ្នកនាង សុគន្ធ អារីយ៉ា នៅតែបន្តជាតារា ចម្រៀង ស្រីក្នុងផលិតកម្ម Classic ដដែលដោយហេតុថា ម្ចាស់ផលិតកម្ម គឺជាបងប្រុសបង្កើតរបស់នាង ។ ចម្លែកតែអ្នកនាង ពៅ ពុំងា ចាប់តាំងពីពេលនោះមក ក៏បានស្ងាត់បាត់មុខមាត់ សូន្យឈឹងតែម្ដង រហូតដល់សព្វថ្ងៃនេះ ៕
ដោយ៖ ម៉ានី