ព័ត៌មានអន្តរជាតិ

ចិនហៅអាមេរិកថា ជាអ្នកបំផ្លាញសន្តិភាព ធំជាងគេ

បរទេស៖ ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់រដ្ឋាភិបាលចិនស្របច្បាប់ពីតៃប៉ិ ទៅប៉េកាំងប៉ុន្តែក៏បន្តបញ្ជូនឧបករណ៍យោធាទៅឱ្យកោះតៃវ៉ាន់។ ព្រឹត្តិការណ៍ដែលបានរៀបចំឡើងដូចជាការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធទី ៧ នៅឆ្នាំនេះ គឺចង់បង្ហាញពីឆន្ទៈក្នុងការការពារកោះនេះពីការវាយប្រហាររបស់ចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីការឆ្លងកាត់ចុងក្រោយនៃច្រកសមុទ្រតៃវ៉ាន់ដោយនាវាចម្បាំងអាមេរិក ក្រសួងការពារជាតិចិនបានចេញមុខថ្កោលទោសសកម្មភាពនេះថាជាការបង្កហេតុនិងបង្កគ្រោះថ្នាក់។ វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយន្តហោះរដ្ឋាភិបាលអាមេរិកពីរគ្រឿងបានចុះចតនៅកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ចិន។

អ្នកនាំពាក្យជាន់ខ្ពស់កងទ័ពលោកវរសេនីយ៍ឯក Shi Yi បាននិយាយថា ការអនុវត្តជាញឹកញាប់នូវសកម្មភាពបង្កហេតុស្រដៀងគ្នារបស់សហរដ្ឋអាមេរិក បានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគឺជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពធំបំផុតនៅច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កើតហានិភ័យសន្តិសុខធំបំផុតនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ 

លោក Shi Yi បានបន្ថែមនាវាចម្បាំងអាមេរិចដែលជានាវាពិឃាត USS Benfold ត្រូវបានតាមដានដោយសម្ងាត់ដោយកងកម្លាំងអាកាសនិងសមុទ្រ របស់កងទ័ពចិន នៅពេលដែលវាបានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដែលបំបែកកោះតៃវ៉ាន់ពីចិនដីគោក។ លោកបានកត់សម្គាល់ថាកងទ័ព Eastern Theater បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនិងការបង្កហេតុទាំងអស់ ហើយនឹងការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ចិន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top