ព័ត៌មានអន្តរជាតិ

សម្ដីលោក បៃដិន ក្រោយដកកងទ័ព៖ កងទ័ពអាហ្វហ្គានីស្ថាន ត្រូវតែប្រយុទ្ធ​​ ដើម្បីខ្លួនពួកគេផ្ទាល់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា កងទ័ពអាហ្វហ្គានី​ស្ថាន​ ត្រូវតែប្រយុទ្ធ ដើម្បីខ្លួនឯង ខណៈដែលទីក្រុងជាច្រើន បានធ្លាក់ទៅក្រោមគ្រប់គ្រង របស់ពួកតាលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលហាក់ដូចជាការ មិនទទួលខុសត្រូវទាល់តែសោះ ក្រោយការដកកងទ័ពរបស់អាមេរិក និងណាតូ ចេញពីប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា “យើងបានចំណាយប្រាក់ ជាងមួយសែនកោដិដុល្លារ​ក្នុងរយៈពេល ២០ ឆ្នាំ។ យើងបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ទំនើប ៗ ជាង ៣០ ម៉ឺននាក់ ដល់កងកម្លាំងអាហ្វហ្គានីស្ថាន ហើយមេដឹកនាំអាហ្វហ្គានីស្ថាន ត្រូវតែរួមគ្នា ពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង ប្រយុទ្ធដើម្បីប្រទេសជាតិរបស់ពួកគេ” ។

សហរដ្ឋអាមេរិក នឹងបន្តផ្តល់ឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន នូវការគាំទ្រតាមអាកាស យ៉ាងជិតស្និទ្ធ ម្ហូបអាហារ ឧបករណ៍ប្រាក់ខែ និងធ្វើឱ្យប្រាកដថា កងទ័ពអាកាសអាហ្វហ្គានីស្ថាន អាចដំណើរការបាន ប៉ុន្តែពួកគេចង់ប្រយុទ្ធ។ ពួកគេមានចំនួនលើសក្រុមតាលីបង់” ។

លោកបានបន្ថែមថា “យើងនឹងបន្តរក្សាការប្តេជ្ញារបស់យើង ដោយមិនសោកស្តាយ ចំពោះការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន​​ នោះឡើយ”។

លោក បៃដិន បានបញ្ជាឱ្យយោធាអាមេរិក បញ្ចប់បេសកកម្ម នៅអាហ្វហ្គានីស្ថាននៅចុងខែនេះ។ បញ្ជាការកណ្តាលអាមេរិក បានឲ្យដឹងថា ជាង ៩៥ ភាគរយនៃប្រតិបត្ដិការ ដកកងទ័ពចេញ ពីអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់ហើយ។

កាលពីថ្ងៃចន្ទសប្តាហ៍មុន ប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភាថា ទីក្រុងកាប៊ុល មានផែនការសន្តិសុខរយៈពេល ៦ ខែ ដើម្បីផ្លាស់ប្តូរស្ថានភាព នៅក្នុងសមរភូមិ។ ទន្ទឹមនឹងនេះលោកបាន ស្តីបន្ទោសការដកកងទ័ពអាមេរិក ដោយសារស្ថានការណ៍ កាន់តែអាក្រក់ទៅៗ មិនមែនប្រសើរទៅនោះទេ ។

ក្រុមតាលីបង់ កាលពីថ្ងៃអង្គារ បានអះអាងថាខ្លួន បានដណ្ដើមយកទីក្រុងហ្វារ៉ា ជារដ្ឋធានីនៃខេត្តហ្វារ៉ាខាងលិច ប្រទេសអាហ្វហ្គានីស្ថាន ដែលជារដ្ឋធានីខេត្តទី ៧ ដែលបានធ្លាក់ ក្នុងការគ្រប់គ្រងរបស់ក្រុមនេះ ក្នុងរយៈពេលតិចជាង មួយសប្តាហ៍។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក​​ លោក Ned Price បានឲ្យដឹងនៅមុននេះថា ស្ថានការណ៍សន្តិសុខ នៅអាហ្វហ្កានីស្ថាន គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក។

លោកបានប្រាប់ អ្នកយកព័ត៌មាន នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ដោយកត់សម្គាល់ថា អ្នកតំណាងពិសេសអាមេរិក សម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad កំពុងជួបប្រជុំជាមួយតំណាង​ ​​​មកពីប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយកាត់​​ បន្ថយអំពើហិង្សា និងបទឈប់បាញ់នៅអាំហ្វហ្គានីស្ថាន៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top