ភ្នំពេញ៖ បាត់មុខពីការងារសិល្បៈមួយរយៈពេលស្រាប់តែតារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា វីតវីត បានលេចមុខជាថ្មីនៅក្នុងការសម្តែងបទចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសគឺបទ”បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា” ដែលច្រៀងដោយកញ្ញា សុផា ឡែន ។ ហើយការបង្ហាញខ្លួននេះផងដែរ នាងក៏បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសទៅលើរូបសម្រស់ និងការលេងខ្លួនបែបសិចស៊ីប្លែកតែម្ដង ។
ដូចដែលទស្សនិកជនមួយចំនួនធំបានដឹងរួចមកហើយថា វីតវីត ក្រៅតែពីមានអាជីពជាពិធីការរិនីសំឡេងស្រយស្រែសដូចសារិកាហើយនោះ នាងក៏មានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អផងដែរ ប៉ុន្តែនាងនិយមតែតួបែបស្លូតៗ សុភាពៗប៉ុណ្ណោះ ។ ប៉ុន្តែថ្មីៗនេះនាងមានឱកាសសម្តែងក្នុងបទចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសនេះនិងត្រូវផ្លាស់ប្តូរអត្តចរិក២ក្នុងសាច់រឿងតែមួយ។
ក្រៅតែពីមានការចាប់អារម្មណ៍ទៅលើការសម្ដែង វីតវីត ក៏ធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរយ៉ាងខ្លាំងទៅលើរាងដ៏ស្រឡូនរបស់នាង មិនតែប៉ុណ្ណោះ ឥលូវនេះសង្កេតឃើញថា ការតុបតែងខ្លួនរបស់នាងកាន់តែប្លែកជាមុន ពោលស្ទើរតែគ្រប់រូបថតដែលនាងបង្ហោះនៅលើហ្វេសប៊ុក សុទ្ធតែសិចស៊ីទាំងអស់ ។
ពិធីការិនីវីតវីតដែលកសាងកេរ្តិ៍ឈ្មោះខ្លាំងនៅស្ថានីយទូរទស្សន៍អប្សរារូបនេះផងដែរ ក៏នៅតែធ្វើឱ្យមហាជនកំពុងចង់ដឹងថាតើរហូតមកទល់ពេលនេះ នាងរកឃើញម្ចាស់បេះដូងហើយឬនៅ? ខណៈដែលកន្លងធ្លាប់មានព័ត៌មានជាច្រើនជាថា នាងបានបង្កើតចំណងស្នេហ៍ស្ងាត់ៗជាមួយបុរសខ្មែររស់នៅប្រទេសអូស្ត្រាលី ប៉ុន្តែក្រោយមកព័ត៌មានក៏បានសាបរលាបទៅវិញ ។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន វីតវីត មានការងារមមាញឹកគួរសមទាំងការងារសម្តែងក្នុងបទចម្រៀង ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងការងារជាពិធីការិនី បើទោះបីជាកម្មវិធីមួយចំនួនត្រូវបានលុបចោលព្រោះតែជំងឺកូវីដ-១៩នោះក៏ដោយ ៕ ដោយ៖ ម៉ានី