បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅពេលថ្មីៗនេះ បានអំពាវនាវឲ្យពួកឧទ្ទាមតាលីបង់ បញ្ឈប់ភ្លាមនូវប្រតិបត្តិការវាយលុក របស់ពួកគេ លើកងកម្លាំងរដ្ឋាភិបាល និងឲ្យវិលត្រឡប់មករកតុចរចាវិញ ប្រកបដោយភាពស្មោះត្រង់ ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនអាហ្វហ្គានីស្ថាន។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា លោកបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉កថា ភាពចាំបាច់នៃជំនួយមនុស្សធម៌ កំពុងតែកើនឡើងគ្រប់ម៉ោង ហើយប្រទេសស្ទើរតែមិនអាចគ្រប់គ្រងបាន។
លោក Antonio Guterres បានធ្វើការកត់សម្គាល់ថា ការប្រយុទ្ធគ្នា រវាងពួកបះបោរតាលីបង់និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដណ្ដើមគ្រប់គ្រងលើទីក្រុងធំៗនិងទីក្រុងតូចនានានោះ កំពុងតែបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
លោកបានបន្ថែមទៀតយ៉ាងដូច្នេះថា “ប្រជាជនតិចបំផុត២៤១.០០០នាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួន រត់ចោលផ្ទះសម្បែងរបស់ពួកគេ ហើយមន្ទីរពេទ្យកំពុងមានអ្នកជម្ងឺច្រើនហួស។ ការផ្គត់ផ្គង់ស្បៀងអាហារនិងវេជ្ជសាស្ត្រ កំពុងតែធ្លាក់ចុះ ហើយផ្លូវថ្នល់ ស្ពាន សាលារៀន គ្លីនិកនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត កំពុងតែត្រូវបានបំផ្លិចបំផ្លាញ”៕