បរទេស ៖ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ បានធ្វើការណែនាំប្រជាពលរដ្ឋខ្លួន ដែលនៅអាហ្វហ្គានីស្ថាន មិនឲ្យធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន ក្នុងទីក្រុងកាប៊ុល ដោយលើកឡើងពីហានិភ័យសន្តិសុខ ស្របពេល ដែលមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា ព្យាយាមភៀសខ្លួនចេញពីប្រទេស ក្រោយពួកតាលីបង់ កាន់កាប់អំណាច ។
សេចក្តីណែនាំរបស់ស្ថានទូ តអាមេរិកមួយ បាននិយាយថា “ព្រោះតែការគម្រាមកំហែង ផ្នែកសន្តិសុខ ធ្ងន់ធ្ងរ នៅខាងក្រៅមាត់ទ្វាររបង នៅអាកាស យានដ្ឋានកាប៊ុល យើងកំពុងតែធ្វើការណែនាំ ពលរដ្ឋអាមេរិក មិនឲ្យធ្វើដំណើរទៅ អាកាសយានដ្ឋាន និងចៀសវាងពីទ្វាររបងអាកាសយានដ្ឋាន នៅក្នុងពេលបច្ចុប្បន្ននេះ លុះត្រាតែអ្នកទទួលបានការណែនាំផ្ទាល់ ពីតំណាងរដ្ឋាភិបាលអាមេរិកឲ្យធ្វើបែបនោះ” ។
ចំណែកស្ថានទូតអាល្លឺម៉ង់ ក៏បានណែនាំប្រជាពលរដ្ឋខ្លួន នៅអាហ្វហ្គានីស្ថាន មិនឲ្យធ្វើដំណើរទៅអាកាសយានដ្ឋានផងដែរ ដោយព្រមាននៅក្នុងសារ អ៊ីម៉ែលមួយថា ពួកតាលីបង់កំពុងតែធ្វើការគ្រប់គ្រងតឹងរឹងខ្លាំង ឡើង នៅជុំវិញអាកាសយានដ្ឋាននោះ ។
មន្ត្រីពួកតាលីបង់ ដែលថ្លែងប្រាប់ សារព័ត៌មាន បាននិយាយថា ហានិភ័យនៃសន្តិសុខ គឺមិនអាចបដិសេធ បាននោះទេ ប៉ុន្តែថា ក្រុមខ្លួនកំពុងមានបំណង ធ្វើឲ្យស្ថានភាពមានភាព កាន់តែប្រសើរឡើងវិញ និងផ្តល់នូវច្រកចេញដ៏រលូន សម្រាប់មនុស្សដែលព្យាយាម ចាកចេញ នៅក្នុងពេលចុងសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង