អ្នកគាំទ្រទូទាំងពិភពលោក នឹងទទួលបានចំណី ចក្ខុពិសេសអស្ចារ្យ នៅពេលស្ថាប័នប្រដាល់ពិភពលោក ONE ប្រកាសជាផ្លូវការ នូវព្រឹត្តិការណ៍ប្រកួតមួយរាត្រីមានការប្រកួតដណ្តើមខ្សែ ក្រវាត់ពិភពលោកដល់ទៅ៣គូ ។
គូដណ្តើមខ្សែក្រវាត់ទី១
ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE: REVOLUTION នឹងក្លាយជារាត្រីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដ៏អស្ចារ្យនៅពេលជើងខ្លាំងវ័យក្មេង និងជាប្រុសស្អាត Christian Lee ដាក់ខ្សែក្រវាត់ពិភពលោក ONE Lightweight របស់ខ្លួនឲ្យជើងខ្លាំងទើបលេចមុខថ្មីមកពីកូរ៉េខាងត្បូង Ok Rae Yoon ឡើងវ៉ៃដណ្តើម។
ចាប់តាំងពីដណ្តើមខ្សែ ក្រវាត់បានពីខ្លាកំណាច កំពូលឃ្លេជប៉ុន Shinya Aoki កាលពីខែឧសភា ឆ្នាំ២០១៩មក បុរសសង្ហាវ័យក្មេង Lee បានសាងជ័យជម្នះ៣លើកជាប់គ្នា។ លើកទី១ រូបគេបានឈ្នះពិន្ទុ Saygid Guseyn Arslanaieve ដើម្បីឈ្នះខ្សែក្រវាត់ ONE Lightweight World Grand Prix មួយគ្រឿងទៀត ។
លើកទី២ និងលើកទី៣ គឺជាការឡើងការពារខ្សែ ក្រវាត់ពិភពលោក Lee បានផ្តួលអ្នកឡើងដណ្តើម Iuri Lapicus និង Timofey Nastyukhin ក្នុងទឹកទី១ដូចគ្នាដើម្បីការពារខ្សែក្រវាត់ របស់ខ្លួនបានជោគជ័យ។
នៅថ្ងៃទី២៤ ខែសីហាខាងមុខនេះ Christian Lee ប្តេជ្ញាស្វែងរកជ័យជម្នះលើកទី៤ នៅពេលជួបជើងខ្លាំងកូរ៉េ Ok ដែលទើបប្រកួតនៅ ONE បានពីរដង។ លើកទី១ រូបគេបានយកឈ្នះ Marat Gafurov និងលើកទី២ឈ្នះជើងឯកពិភពលោក ៤សម័យកាល Eddie Alvarez ដើម្បីទទួលបានឱកាសវ៉ៃដណ្តើមខ្សែក្រវាត់ពិភពលោកតែម្តង ។
គូដណ្តើមខ្សែក្រវាត់ទី២
ជាមួយគ្នានេះ អ្នកក្បាច់គុនមួយថៃភ្នែកតឹង Capitan Petchyindee ត្រូវឡើងការពារខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight របស់ខ្លួនលើកឡើងដំបូង បន្ទាប់ពីឈ្នះខ្សែក្រវាត់នេះ កាលពីខែមករាដើមឆ្នាំ២០២១នេះ។
ការឡើងការពារខ្សែក្រវាត់នេះ បុរសមុខតឹងត្រូវប្រឈម នឹងជើងខ្លាំងបារាំង-អាហ្សេរី Mehdi Zatout ។ កីឡាករថៃម្នាក់នេះទើបតែប្រកួតនៅសង្វៀន ONE បានពីរដងប៉ុណ្ណោះ។ លើកទី១ រូបគេបានផ្តួល Petchtanong ដ៏ភ្ញាក់ផ្អើលកាលពីឆ្នាំ២០២០ និងលើកទី២ប្រកួតដណ្តើមខ្សែក្រវាត់បានជោគជ័យ បន្តាប់ពីផ្តួលម្ចាស់ខ្សែក្រវាត់ Alaverdi Ramazanov ក្នុងទឹកទី២ ។
សម្រាប់ការឡើងការពារខ្សែក្រវាត់នេះ សិស្សរបស់ក្លឹប Petchyindee Academy ប៉ះជើងខ្លាំង Zatout ដែលជាគ្រូបង្វឹករបស់ Ramazanov។ ដៃគូម្នាក់នេះក៏មិនធម្មតាដែរគឺឈ្នះពីរប្រកួតជាប់គ្នាមុនពេលចេញមុខវ៉ៃដណ្តើមខ្សែក្រវាត់ដែលកូនសិស្សរបស់ខ្លួនធ្លាប់គ្រង។
គូដណ្តើមខ្សែក្រវាត់ទី៣
ចំណែកជើងខ្លាំងហ្វីលីពីន Joshua Pacio ត្រូវវិលមកកាន់សង្វៀនវិញជាមួយនឹងខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Strawweight របស់ខ្លួនដើម្បីតទល់ជាមួយសត្រូវចាស់មកពីជប៉ុន Yosuke Saruta។
ខ្លាកំណាចហ្វីលីពីន Pacio ទទួលបានបំណងប្រាថ្នា ចូលប្រកួតក្នុងព្រឹត្តិការណ៍ ONE: REVOLUTION នេះហើយ។ កីឡាកររូបនេះចង់បញ្ចប់ដៃគូដែលមិនទាន់ស្គាល់បរាជ័យដូចជា Saruta ហើយជាជំនួប លើកទី៣របស់អ្នកទាំងពីរ។ នៅពេលអ្នកទាំងពីរជួបគ្នាលើកដំបូងកាលពីខែមករា ឆ្នាំ២០១៩ ពេលនោះជើងខ្លាំងជប៉ុនជាអ្នកឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ និងទទួលបានខ្សែក្រវាត់ ONE Strawweight។
យ៉ាងណា រយៈពេល៣ខែក្រោយមក អ្នកទាំងពីរបានជួបគ្នាជាលើកទី២ ហើយ Pacio បានផ្តួល “The Ninja”តាមរយៈការទាត់ឲ្យសន្លប់ក្នុងទឹកទី៤ ដើម្បីដណ្តើមខ្សែក្រវាត់បានមកវិញ ។
តាំងពីពេលនោះមក ជើងខ្លាំងជប៉ុននៅមិនសុខទេ គឺចិញ្ចឹមចិត្តចង់ជួបសាជាថ្មី ហើយរាត្រីថ្ងៃទី២៤ ខែកញ្ញាគឺផ្តល់ឲ្យពួកគេជួបគ្នាជាលើកទី៣។ រង់ចាំតាមដានទាំងអស់គ្នា តើខ្សែក្រវាត់បន្តនៅលើម្ចាស់ ឬធ្លាក់ទៅអ្នកថ្មី ៕