ចិន ៖ ប្រជាជននៅប្រទេសចិន កំពុងកាន់ ទុក្ខមរណភាព របស់លោក Jacques Rogge អតីតប្រធាន គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ “IOC” ដែលមានទំនាក់ ទំនងជិតស្និទ្ធ ជាមួយសហគមន៍ កីឡាចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
IOC បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីការស្លាប់ របស់ លោក Rogge ក្នុងអាយុ ៧៩ ឆ្នាំ ។ លោកបានបម្រើការ ជាប្រធាន IOC ទី ៨ ពីឆ្នាំ ២០០១ ដល់ ២០១៣ មុនពេលក្លាយ ជាប្រធានកិត្តិយស របស់ខ្លួន ។
ប្រជាជនចិន បានសម្តែងការគោរព ចំពោះលោកនៅលើបណ្តាញសង្គម ដោយសាទ រការលះបង់ របស់លោកចំពោះចលនាអូឡាំពិក ក៏ដូចជាជំនួយរបស់លោក ចំពោះកីឡា នៅប្រទេសចិន ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បាននិយាយកាលថ្ងៃច័ន្ទថា លោកRogge គឺជាមេដឹកនាំឆ្នើម នៃចលនាអូឡាំពិក និងជាមិត្តចាស់ របស់ប្រជាជនចិន ។ លោកបានរួមចំណែក យ៉ាងពិសេស ចំពោះការអភិវឌ្ន៍កីឡាអូឡាំពិក ការធ្វើឲ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ មិត្តភាពរវាង IOC និងប្រទេសចិន និងការទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ទីក្រុងប៉េកាំងឆ្នាំ ២០០៨ ។
លោកបានបន្តថា យើងសូមចូលរួមរម្លែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពអកុសលរបស់លោក និងក្រុមគ្រួសាររបស់លោក ។ កីឡាការិនី Yi Siling ជាម្ចាស់មេដាយមាស កីឡាអូឡាំពិកឆ្នាំ ២០១២ ត្រូវបានប្រគល់ ជូនដោយលោក Rogge ។ នាងបាននិយាយនៅលើ Weibo ថា Rogge តែងតែពោរពេញ ដោយស្នាមញញឹមនៅពេលនាងជួបលោក ។
លោកចូលចិត្ត នៅក្បែរអត្តពលិក ហើយអរគុណ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់លោក ដែលពិភពលោក បានឃើញ ពីកំណើត នៃការប្រកួតកីឡាអូឡាំពិកយុវជន ។
នាង Yi Siling បានបន្តថា ខ្ញុំដឹងថា លោកមានជំងឺ ប៉ុន្តែវានៅតែមានការ ភ្ញាក់ផ្អើលមួយ នៅពេល ដែលខ្ញុំបានអាន ព័ត៌មាន អំពីការស្លាប់ របស់លោកនៅព្រឹកនេះ ៕ ដោយ៖លី ភីលីព