ព័ត៌មានអន្តរជាតិ

យោធាអាមេរិក៖ចិន នឹងជែងហួសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាការគម្រាមកំហែង នុយក្លេអ៊ែ

បរទេស៖មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិកមួយរូប បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ចំពោះការបង្កើនផលិតអាវុធនុយក្លេអ៊ែយ៉ាងលឿន ប្រទេសចិន នឹងជែងដាច់ប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាកំពូលការគម្រាមកំហែងនុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក និងបានព្រមានថា ប្រទេសទាំងពីរ មិនមានយន្តការ ដើម្បីបញ្ចៀសការប្រាស្រ័យទាក់ទងគ្នាខុសនោះទេ។

ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Thomas Bussiere ជាមេបញ្ជាការរងនៃទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ដែលគ្រប់គ្រងលើឃ្លាំអាវុធនុយក្លេអ៊ែរបស់ប្រទេសនោះ បានមានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរបស់ប្រទេសចិន អាចនឹងមិនត្រូវគ្នាជាមួយការអះអាងជាសាធារណៈរបស់ខ្លួន ដែលថា ខ្លួនចង់រក្សាការទប់ស្កាត់នុយក្លេអ៊ែកម្រិតអប្បបរិមា។

តាមសេចក្តីរាយការណ៍ លោក Thomas Bussiere បាននិយាយប្រាប់វេទិកាអនឡាញមួយយ៉ាងដូច្នេះថា “នឹងមានចំណុចមួយ ជាចំណុចប្រសព្វ ដែលចំនួននៃការគម្រាមកំហែងបង្ហាញដោយចិន នឹងលើសចំនួននៃការគម្រាមកំហែង ដែលរុស្ស៊ីបង្ហាញនៅក្នុងពេលបច្ចុប្បន្ននេះ”។
លោកបានមានប្រសាសន៍បន្តទៀតថា ការកំណត់នេះ នឹងមិនផ្អែកតែម្យ៉ាងលើចំនួនក្បាលគ្រាប់នុយក្លេអ៊ែមានក្នុងស្តុករបស់ទីក្រុងប៉េកាំងនោះទេ ប៉ុន្តែក៏ផ្អែកលើប្រការដែលពួកគេដាក់ប្រើប្រាស់ប្រតិបត្តិការផងដែរ៕

គួរបញ្ជាក់ថា មិនដូចគ្នាទៅនឹងប្រទេសរុស្ស៊ីនោះ សហរដ្ឋអាមេរិក មិនមានសន្ធិសញ្ញាណាមួយ ឬក៏យន្តការពិភាក្សាគ្នា ជាមួយប្រទេសចិន ស្តីពីបញ្ហា ដើម្បីកាត់បន្ថយការយល់ច្រឡំ ឬក៏ការបំភ័ន្តណាមួយនោះឡើយ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top