បើតាមស្នងការប៉ូលិស Seoul Gangnam បានឲ្យដឹងថា តារាចម្រៀងស្រី Goo Hara ត្រូវបានប្រទះឃើញដេកស្លាប់ នៅក្នុងផ្ទះដែលស្ថិតនៅតំបន់ Cheongdam នាទីក្រុងសេអ៊ូល នៅវេលាម៉ោង ៦ ល្ងាច (ម៉ោងនៅកូរ៉េ) នាថ្ងៃទី ២៤ ខែវិច្ឆិកានេះ។ មូលហេតុ នៃការស្លាប់សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។
ការស្លាប់របស់ Hara នេះដែរ បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ងាក ទៅទស្សនាវីដេអូដែល Hara យំសស្រាក់ពេល និយាយពាក្យពេចន៍ មួយចំនួនទៅកាន់ Sulli ដែលបានស្លាប់ដោយការធ្វើអត្តឃាតនៅថ្ងៃទី ១៤ ខែតុលា។
ក្នុងវីដេអូ Hara បានសម្ដែងការសុំទោសចំពោះ Sulli ដែលនាងមាននិយាយថា ៖ “Sulli, ខ្ញុំសុំទោសដែលមិនអាចទៅបុណ្យសពរបស់ឯង ពីព្រោះខ្ញុំនៅជប៉ុន។ សុំទោស ខ្ញុំគ្មានជម្រើស ទើបត្រូវនិយាយទៅកាន់ឯងតាមវិធីនេះ។ រស់នៅឲ្យបានល្អណាពេលទៅដល់ទីនោះ និងធ្វើរឿងដែលឯងចង់ធ្វើទៅ។ ខ្ញុំនឹងព្យាយាមរស់នៅ និងខំធ្វើការដើម្បីឯង។ អ្នកទាំងអស់គ្នា, Sulli និងខ្ញុំពិតជាស្និទ្ធស្នាលគ្នាណាស់ ពួកយើងដូចជាបងប្អូនស្រីបង្កើត។ ខ្ញុំចង់និយាយរឿងខ្លះទៅកាន់ Sulli ហេតុនេះទើបខ្ញុំធ្វើការ Live នេះ។ ខ្ញុំសុំទោស។ ខ្ញុំសុំទោស។ អ្នកទាំងអស់គ្នាកុំបារម្ភ។ លាហើយ Sulli។”
គួរដឹងថាកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ នេះ តារាវ័យ ២៨ ឆ្នាំរូបនេះ បានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងបន្ទប់នៅផ្ទះរបស់ខ្លួន ប៉ុន្តែពេលនោះមិនបានសម្រេច ព្រោះត្រូវអ្នកគ្រប់គ្រងរបស់នាងប្រទះឃើញទាន់ពេល និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នៅថ្ងៃទី ២៨ ខែឧសភា នាងបានបញ្ចេញសារសុំទោសដល់អ្នកគាំទ្រ ដោយបាននិយាយថា ៖ “ខ្ញុំពិតជាសោកស្ដាយខ្លាំង ដែលបានធ្វើឲ្យអ្នករាល់គ្នាព្រួយបារម្ភ ដោយសារហេតុការណ៍កាលពីថ្មីៗនេះ។ បច្ចុប្បន្នខ្ញុំកំពុងថែទាំសុខភាព។ ខ្ញុំបានមានអារម្មណ៍ពិបាកចិត្តខ្លាំង ដោយសារតែរឿងរ៉ាវមិនល្អជាច្រើនកើតឡើងបន្តបន្ទាប់៕”
ប្រភព៖ news.sabay.com.kh