ព័ត៌មានអន្តរជាតិ

អាមេរិក ចាំបាច់ត្រូវពិនិត្យឡើងវិញ នូវ គោលនយោបាយលើកោះតៃវ៉ាន់ ខណៈចិន កំពុងព្យាយាម ត្រួតត្រាកោះនេះ

វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការបញ្ជាការប៉ាស៊ីហ្វិកអាមេរិកលោក ហារី ហារីស បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន វាយតម្លៃឡើងវិញនូវគោលនយោបាយយូរអង្វែងរបស់ខ្លួន ក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះភាពមិនច្បាស់លាស់នៃការការពារកោះតៃវ៉ាន់ ដោយព្រមានថា ប្រទេសចិនកំពុងព្យាយាម“ ត្រួតត្រា” កោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

លោកហារីស ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូងរហូតដល់ខែមករា បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូដោយបានលើកឡើថា ប្រទេសចិន កំពុងស្វែងរកការត្រួតត្រាតៃវ៉ាន់” ដោយដាក់សម្ពាធលើទីក្រុងតៃប៉ិ។

រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន បានទាមទារឱ្យចិន បញ្ឈប់ការគាបសង្កត់ផ្នែកយោធា ការទូត និងសេដ្ឋកិច្ច ប្រឆាំងតៃវ៉ាន់ ខណៈជួយដល់កោះប្រជាធិបតេយ្យក្នុងការរក្សា“ សមត្ថភាពការពារខ្លួនឯងឱ្យបានគ្រប់គ្រាន់” ដូចជាតាមរយៈការលក់អាវុធជាដើម។

ក្នុងពេលជាមួយគ្នានេះដែររដ្ឋាភិបាលសហរដ្ឋអាមេរិក បានរក្សាជំហរមិនច្បាស់លាស់មួយទាក់ទងនឹងការប្រើប្រាស់កម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ចិន ទៅលើកោះតៃវ៉ាន់ ដែលជាយុទ្ធសាស្ត្រដែលគេហៅថា“ ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ” ។

ប៉ុន្តែលោកហារីស ដែលបានដឹកនាំអស់រយៈពេល ៣ ឆ្នាំ រហូតដល់ឆ្នាំ ២០១៨ អ្វីដែលត្រូវបានគេស្គាល់ថា ជាបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានលើកឡើងថា“ យើងគួរតែពិចារណាឡើងវិញអំពីគោលនយោបាយភាពមិនច្បាស់លាស់យុទ្ធសាស្ត្រ ដែលមានជាយូរមកហើយរបស់យើង” ។

លោកបានបន្ថែមដោយនិយាយពីសម្តីរបស់លោកថា“ ប្រសិនបើនៅចុងបញ្ចប់នៃការវាយតម្លៃឡើងវិញ យើងរក្សាគោលនយោបាយដដែលនោះជាការប្រសើរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

គោលនយោបាយភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ ត្រូវបានអនុម័តបន្ទាប់ពីទំនាក់ទំនងអាមេរិក-តៃវ៉ាន់ បានក្លាយជា“ មិនផ្លូវការ” នៅឆ្នាំ១៩៧៩ ដោយក្រុងវ៉ាស៊ីនតោន បានប្តូរការទទួលស្គាល់ការទូតពីតៃប៉ិ ទៅប៉េកាំង។

គោលនយោបាយនេះមានបំណងមិនត្រឹមតែរារាំងចិន ពីការប្រើកម្លាំងប្រឆាំងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីរារាំងតៃវ៉ាន់ ពីការស្វែងរកឯករាជ្យផងដែរ ព្រោះទីក្រុងប៉េកាំង និងតៃប៉ិ មិនអាចមានអារម្មណ៍ជាក់លាក់ អំពីអន្តរាគមន៍របស់អាមេរិក ដើម្បីការពារតៃវ៉ាន់ ប្រសិនបើមានជម្លោះកើតឡើង។

លោក ហារីស បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែច្បាស់ជាងមុននូវអ្វីដែលជាការទទួលខុសត្រូវរបស់យើង ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលជាច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ ដោយកត់សម្គាល់ថា ក្រុងវ៉ាស៊ីនតោន មិនមានភាពស៊ីចង្វាក់គ្នាជាពិសេស លើការលក់អាវុធរបស់ខ្លួនទៅឱ្យតៃវ៉ាន់ ៕ដោយ ឈូក បូរ៉ា

Most Popular

To Top