ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងបេឡារូស ធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ បង្កក្តីបារម្ភឲ្យណាតូ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ ដោយប្រទេសរុស្ស៊ី និងបេឡារូស ដែលបានចាប់ផ្តើមធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិល មិញកំពុងបង្កទៅជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះអង្គការណាតូ។

សមយុទ្ធយោធា ដែលត្រូវបានគេរៀប ចំឡើងនៅក្នុងដែនដី នៃប្រទេសទាំងពីររុស្ស៊ី និងបេឡារូសតែម្តង ហើយព្រមទាំងក្នុងតំបន់ប៉ាល់តិចផងដែរ នឹងមានរយៈពេល រហូតទៅដល់១សប្តាហ៍ពេញ ចាប់រាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

មេដឹកនាំយោធាធំៗ របស់ប្រទេសទាំងពីរ បានចូលរួមជាវត្តមាន នៅក្នុងពិធីចាប់ផ្តើមសមយុទ្ធមួយនេះ ដែលក៏ត្រូវបានគេដាក់ឈ្មោះថា ដែរ Zapad-2021 ហើយវាបានកើតឡើង នៅចំពេលដែលកំពុងមាន ភាពតានតឹងរវាងប្រទេសលោកខាងលិច ជាមួយនឹងប្រទេសបេឡារូសផងដែរ ពាក់ព័ន្ធទៅនឹងបញ្ហាបង្ក្រាប ក្រុមបក្សប្រឆាំង ក្នុងប្រទេសនាពេលកន្លងមក។

ក្រសួងការពារជាតិរបស់រុស្ស៊ី បានបញ្ជាក់ថាកម្លាំងយោធារបស់ខ្លួន រហូតទៅដល់២០ម៉ឺននាក់ និងយន្តហោះចម្បាំង៨០គ្រឿង បូករួមទាំងឧទ្ធម្ភាគចក្រផង នាវាចម្បាំង១៥គ្រឿងផង និងជាពិសេសរថក្រោះ ដល់ទៅ៣០០គ្រឿង ត្រូវបានបញ្ចូល ដើម្បីចូលរួមសមយុទ្ធយោធានេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top