សិល្បៈ និង កម្សាន្ត

លោក យ៉ែម សំអូន នៅមានកូនប្រុសម្នាក់ទៀត តែមិនមែនជាតំណក់ ឈាមរួមគ្នា ជាមួយអតីតភរិយា?

ភ្នំពេញ៖ អស់រយៈពេលប្រមាណជាង ៦ឆ្នាំហើយ ដែល អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន បានលែងលះ ដោយបន្សល់ទុក ចំណងដៃកូនស្រីម្នាក់ បច្ចុប្បន្ននេះមានវ័យ ២០ឆ្នាំហើយ ។ ប៉ុន្តែអ្វីដែលជាចម្ងល់ របស់ទស្សនិកជននោះគឺថា មួយរយៈក្រោយនេះ ស្រាប់តែឃើញលោក យ៉ែម សំអូន តែងតែបង្ហាញវត្តមាន យុវជនម្នាក់ ហើយលោកថែមទាំងប្រាប់ថា ជាកូនប្រុសរបស់លោក ទៀតផង ។

ជាការពិតណាស់ កន្លងមកទស្សនិកជន ធ្លាប់តែបានស្គាល់ និងដឹងថា លោក យ៉ែម សំអូន និងអតីតភរិយាគឺ អ្នកនាង យ៉ាន លីនដា គ្រាដែលរស់នៅជុំគ្នា បានផ្ដល់កំណើតកូនស្រីម្នាក់ ឈ្មោះ សំអូន មិថុនា ហៅ Veronica អាយុ ២០ ឆ្នាំ ហើយបច្ចុប្បន្ន នាងកំពុងរស់នៅយ៉ាងសុខសាន្ត ឯប្រទេសអូស្ត្រាលី ជាមួយម្ដាយរបស់នាង ។

ទាក់ទងជាមួយគ្នានេះដែរ ស្រាប់តែមួយរយៈថ្មីៗនេះ លោក យ៉ែម សំអូន បែជាបង្ហាញមុខយុវជនម្នាក់ ព្រមទាំងតែងតែទៅណាមកណាជាមួយគ្នា ក៏ដូចជាបញ្ចេញសកម្មភាព ស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំងផងដែរ ។ ហើយសម្រាប់យុវជនម្នាក់នោះ ត្រូវបានលោក យ៉ែម សំអូន បញ្ជាក់ដោយផ្ទាល់ថា ជាកូនប្រុសរបស់ខ្លួនទៀតផង ។

យ៉ាងណាមិញ បើទោះជាយុវជនរូបនោះ មានមុខមាត់ រាងរៅស្រដៀងលោក យ៉ែម សំអូន យ៉ាងណាក៏ដោយ ក៏មហាជននៅតែឆ្ងល់ថា តើលោក យ៉ែម សំអូន មានកូនប្រុសតាំងពីពេលណា ? អ្នកណាជាម្ដាយ របស់គេ? ព្រោះកន្លងមក លោកពុំដែលបង្ហើបថា មានកូនប្រុសម្នាក់ទៀតឡើយ ក្រៅតែពីកូនស្រីតែម្នាក់ ដំណក់ឈាមរួមគ្នា ជាមួយអតីតភរិយា គឺ អ្នកនាង យ៉ាន លីនដា ។

ជាមួយគ្នានេះ សម្រាប់ចម្ងល់ខាងលើ Lookingtoday នៅមិនទាន់សុំការបញ្ជាក់ពីលោក យ៉ែម សំអូន ដោយផ្ទាល់បានឡើយ ។ ប៉ុន្តែសង្ឃឹមថា នឹងមានការបកស្រាយឆាប់ៗ ។

គួររំឮកថា លោក យ៉ែម សំអូន បានរៀបការជាមួយអ្នកនាង យាន លីនដា នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០០ ។ ហើយក្រោយវិលមករួមគ្នាបង្កើតការងារ ជាអ្នកសិល្បៈនៅកម្ពុជា អ្នកទាំងពីរទទួលបានជោគជ័យខ្ពស់ ជាមួយនឹងការជាច្រើនរួមទាំងការងារជាពីធីករ ការដើរបង្ហាញម៉ូដ ពិសេសការទទួលរៀបចំការ ប្រគុំតន្ត្រីនៅក្នុងពិធីតូចធំជាច្រើនរហូតដល់អ្នកទាំងពីរអាចរកកចំណូល បានក្រាស់ក្រែលពីការងារទាំងនេះ ប៉ុន្តែចំណងស្នេហ៍ ដែលទស្សនិកជន ចាត់ទុកថា ជាគូស្នេហ៍គំរូនោះ បានរលាយបាត់ ក្រោយពេលពួកគេមានទំនាស់ ក្នុងគ្រួសារ រហូតលែងលះគ្នា កាលពីកំលុងឆ្នាំ ២០១៥ ៕

ដោយ៖ ម៉ានី

Most Popular

To Top