បរទេស៖ការិយាល័យព័ត៌មាន របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសថា ការិយាល័យវិនិយោគអង់គ្លេស និងក្រុមហ៊ុនវិនិយោគ Mubadala របស់សហភាពអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកភាពជាដៃគូវិនិយោគ នៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Middle East នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យនោះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅល្ងាចថ្ងៃពុធនថា “កិច្ចព្រមព្រៀង នឹងបង្កើនការវិនិយោគនៅទូទាំងអង់គ្លេស ក្នុងផ្នែកវិទ្យាសាស្ត្រជីវិត បច្ចេកវិទ្យា ព្រមទាំងការផ្លាស់ប្តូរចំពោះថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ”។
សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយបន្ថែមថា ការវិនិយោគបន្ថែម ដែលទំនងជានឹងត្រូវប្រកាសនោះ រួមមានទាំងការវិនិយោគ៥០០លានផោ ក្នុងក្រុមហ៊ុនខ្សែកាបអុបទិកអង់គ្លេស City Fiber ជាមួយការវិនិយោគ ដែលជាផ្នែកនៃការបង្កើតដើមទុនរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា កាលពីខែមីនា ក្រុមហ៊ុនវិនិយោគ Mubadala របស់រដ្ឋាភិបាលទីក្រុងអាប៊ូ ដាប៊ី បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ជាមួយចក្រភពអង់គ្លេស ដើម្បីវិនិយោគប្រាក់៨០០លានផោន ក្នុងវិទ្យាសាស្ត្រជីវិត និងគម្រោងអភិវឌ្ឍន៍សុខាភិបាល៕