ព័ត៌មានអន្តរជាតិ

តៃវ៉ាន់គម្រាមប្តឹងចិន ទៅអង្គការពាណិជ្ជកម្ម ពិភពលោក ក្នុងជម្លោះថ្មីជុំវិញ រឿងផ្លែឈើ

បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានគម្រាមប្តឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោក ក្រោយទីក្រុងប៉េកាំងនិយាយថា ខ្លួននឹងផ្អាកនាំចូលផ្លែប៉ោមស្កនិងផ្លែប៉ោមក្រមួន ពីកោះតៃវ៉ាន់ ជុំវិញក្តីព្រួយបារម្ភពីសត្វល្អិត។ 

ចំណងមិត្តភាព រវាងកោះតៃវ៉ាន់និងទីក្រុងប៉េកាំង ដែលអះអាងកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ថាជាទឹកដីរបស់ខ្លួននោះ គឺធ្លាក់ដល់ចំណុចដ៏ទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ជាមួយប្រទេសចិន ដែលបានបង្កើនសម្ពាធនយោបាយនិងយោធាលើកោះតៃវ៉ាន់ ដើម្បីឲ្យទទួលយកអធិបតេយ្យភាពរបស់ចិន។ 

រដ្ឋបាលពន្ធគយរបស់ចិន បាននិយាយថា ខ្លួនបានប្រទះឃើញម្តងហើយម្តងទៀត នូវសត្វល្អិតលើផ្លែប៉ោមស្ក និងផ្លែមក្រមួនពីកោះតៃវ៉ាន់ និងបានស្នើឲ្យសាខានៅក្វាងទង់របស់ខ្លួន និងការិយាល័យពាក់ព័ន្ធទាំងអស់ ធ្វើការបញ្ឈប់មិនឲ្យធ្វើការជម្រះពន្ធគយចំពោះផលិតផលផ្លែឈើទាំងនោះ ចាប់ពីថ្ងៃចន្ទទៅ។ 

តៃវ៉ាន់បាននិយាយប្រាប់ដល់ប្រទេសចិនថា ខ្លួននឹងប្តឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោក ក្រោមយន្តការដោះស្រាយជម្លោះរបស់អង្គការ ប្រសិនបើទីក្រុងប៉េកាំង មិនបានឆ្លើយតបចំពោះសំណើរបស់ទីក្រុងតៃប៉ិ ដោះស្រាយបញ្ហាក្រោមទម្រង់ការទ្វេភាគីដែលមានស្រាប់ នៅត្រឹមថ្ងៃទី៣០ ខែកញ្ញាទេនោះ៕

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top