សិល្បៈ និង កម្សាន្ត

បាត់មុខយូរឆ្នាំ អតីតតារាសម្តែង និងពិធីការិនី ឈិត សុជាតា កំពុងរស់នៅយ៉ាង មានសុភមង្គល ជាមួយប្ដី និងកូនៗ

ភ្នំពេញ ៖ អ្នកនាង ឈិត សុជាតា បានបញ្ចប់អាជីពជាតារាសម្តែង ជាពិធីការិនីអស់រយៈពេលជាច្រើនឆ្នាំ មកហើយ ក្រោយពេល ដែលនាងមានស្វាមី ក៏ដូចជាបង្កើតបានកូនភ្លោះប្រុស ស្រីពីរនាក់ ស្របពេលដែលនាង ក៏កាន់តែមានអាយុច្រើនផង នោះបែរជាគេសង្កេតឃើញនាងហាក់ ប្រែជាស្រស់ស្អាតប្លែក និងកាន់តែក្មេង ជាងមុនទៅវិញ ។

និយាយដល់ជីវិតឯកជន របស់តារាស្រីខាងលើ បច្ចុប្បន្ន ឈិត សុជាតា កំពុងមានក្ដីសុខខ្លាំងណាស់ ជាមួយស្វាមី និង កូនៗទាំងពីរ ព្រោះថាជារឿយៗ អ្នកនាងតែងតែបង្ហោះរូបថត បង្ហាញពីសុភមង្គលក្នុងគ្រួសារតូចមួយនេះ តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុករបស់នាង ជួនដល់មហាជន ជាពិសេសអ្នកគាំទ្រនាងពីមុនៗ ឱ្យបានឃើញផងដែរ ។

យ៉ាងណាមិញទោះជាមិនមានព័ត៌មាន ច្រើនទៅលើអតីតពិធីការិនី និងតារាសម្ដែងរូបនេះ ក៏ពិតមែន តែកន្លង មកគេដឹងថា ក្រោយផ្អាកពីការងារ នៅស្ថានីយ៍ ទូរទស្សន៍ អប្សរាប៉ុស្ដិ៍លេខ១១ រួចមក នាងបានចំណាយពេលទាំងស្រុង ទៅលើការងារក្រុមហ៊ុនមគ្គទេសក៍ក្រៅប្រទេស របស់នាង ដោយកាលនោះទទួល បានជោគជ័យខ្លាំងគួរសម ។

នាកំលុងចុងឆ្នាំ ២០១៦ អ្នកនាង ឈិត សុជាតា បានសម្រាលបានកូនភ្លោះប្រុស ស្រីពីរនាក់ ប៉ុន្តែចាប់តាំង ពីពេលពរពោះ រហូតដល់ថ្ងៃ សម្រាលនាងពុំដែលបានបង្ហាញមុខប្ដីជាសារណៈឡើយ ដែលជាហេតុនាំឱ្យមានមន្ទិលច្រើនពីសំណាក់ ទស្សនិកជន ដោយកាលនោះសង្ស័យថាប្ដីនាង ជាប្ដីរបស់គេ ថែមទៀតផង ។ ជាមួយគ្នាដែរ បន្ទាប់ពីសម្រាលកូនបានមួយរយៈ អតីតពិធីការនីសំឡេងផ្អែម ស្រាល ស្រទន់ រូបនេះ ក៏បានបង្ហាញមុខប្ដី ជាសាធារណៈ ថែមទាំងបានបញ្ជាក់ថា នាង និងប្ដី បានចុះ អេតាស៊ីវិលជាប្ដីប្រពន្ធស្របច្បាប់ គ្រាន់តែមិនមានពិធី អាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។

គិតមកទល់ពេលនេះមានរយៈពេលជាង ៥-៦ ឆ្នាំហើយ ដែល ឈិត សុជាតា បានបង្ហាញពីជីវិតសុខសាន្ត របស់នាងជាមួយក្រុមគ្រួសារ ហើយក៏មិនដែលឮនាងរំឭកថា ចង់វិលចូលសិល្បៈវិញដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top