ព័ត៌មានអន្តរជាតិ

តួកគីបញ្ជាក់ដដែលៗថា នឹងទិញប្រព័ន្ធ ការពារមីស៊ីល S-400 របស់រុស្ស៊ី បន្ថែមទៀត

បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាក់ពីការត្រៀមខ្លួន របស់ទីក្រុងអង់ការ៉ាក្នុងការទិញប្រព័ន្ធការពារមីស៊ីលធុន S-400 Triumf  ផលិតនៅរុស្ស៊ីមួយជុំទៀតនៅចំពោះមុខ ការព្រមានរបស់អាមេរិកថា វានឹងបង្កហានិភ័យ សន្តិសុខដល់អាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News លោក Recep Tayyip Erdogan  បាននិយាយថា លោកបានពន្យល់អ្វីៗទាំងអស់ដល់ប្រធានាធិបតីអាមេរិកលោកចូបៃដិន ដោយយោងទៅលើការជួបរបស់លោកជាមួយប្រធានាធិបតី នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងព្រុចសែលកាលពីខែមិថុនា។

ប្រធានាធិបតីតួកគីបានប្រាប់សារព័ត៌មាន CBS ថាការបដិសេធរបស់អាមេរិកក្នុងការលក់ប្រព័ន្ធ Patriot ដែលផលិតដោយអាមេរិកមកឱ្យតួកគេ ជាជម្រើសមួយបានធ្វើឱ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ា ងាកទៅទិញប្រព័ន្ធការពារ S-400s ជំនួសវិញ។ រដ្ឋាភិបាលវ៉ាស៊ីនតោនបានបដិសេធម្តងហើយម្តងទៀតនូវការអះអាងបែបនេះ។

ការផ្លាស់ប្តូររបស់ទីក្រុងអង់ការ៉ា ក្នុងការទិញប្រព័ន្ធការពារអាកាស S-400 ផលិតដោយរុស្ស៊ី គឺបានបង្កឱ្យមានវិបត្តិនៅក្នុងទំនាក់ទំនងតួកគី-អាមេរិកនៅឆ្នាំ ២០១៩ នៅពេលដែលកញ្ចប់ដំបូងដែលត្រូវបានចរចាក្នុងឆ្នាំ ២០១៧ ត្រូវបានបញ្ជូនទៅឱ្យប្រទេសតួកគី។ ការទិញប្រព័ន្ធការពារមីស៊ីល S-400s របស់រុស្ស៊ីនេះ បានជំរុញឱ្យអាមេរិកបណ្តេញតួកគីចេញពីកម្មវិធីយន្តហោះចម្បាំង F-35 និងដាក់ទណ្ឌកម្មអង្គភាពមួយដែលសម្របសម្រួលផ្នែកការពាររបស់ទីក្រុងអង់ការ៉ា ថែមទៀតផង៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top