វ៉ាស៊ីនតោន ៖ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានរៀបចំជុំទីពីរ នៃការសន្ទនាស្ថិរភាព យុទ្ធសាស្ត្រទ្វេភាគី របស់ពួកគេ នៅទីក្រុងហ្សឺណែវប្រហែលពីរខែ បន្ទាប់ពីកិច្ចប្រជុំលើកដំបូង របស់ភាគីទាំងពីរ នៅទីក្រុងប្រទេស ស្វីស នៅថ្ងៃទី២៨ ខែកក្កដា ។
កិច្ចសន្ទនានេះដឹកនាំ ដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេស រុស្ស៊ី លោក Sergey Ryabkov និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក លោកស្រី Wendy Sherman បានធ្វើឡើងនៅទីនោះដោយបិទទ្វារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរបានឲ្យដឹងថា ការពិភាក្សានេះ គឺមានលក្ខណៈស៊ីជម្រៅ និងមានសារៈសំខាន់ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ គណៈប្រតិភូទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ជំនាញអន្តរទីភ្នាក់ងារចំនួនពីរ គឺក្រុមការងារ ស្តីពីគោលការណ៍ និងគោលបំណង សម្រាប់ការត្រួតពិនិត្យអាវុធ នាពេលអនាគត និងក្រុមការងារស្តីពីសមត្ថភាព និងសកម្មភាពប្រកប ដោយប្រសិទ្ធភាពយុទ្ធសាស្ត្រ” ។
វាក៏បានជូនដំណឹងផងដែរថា គណៈប្រតិភូបានឯកភាពថា ក្រុមការងារទាំងពីរនឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តកិច្ចប្រជុំពេញអង្គលើកទី ៣ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញបន្ទាប់ពីកិច្ចប្រជុំកំពូលទីក្រុងហ្សឺណែវនៅថ្ងៃទី ១៦ ខែមិថុនា ប្រធានាធិបតី អាមេរិកលោក បៃដិននិងសមភាគីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរ ចំពោះការគ្រប់គ្រងអាវុធ និង កាត់បន្ថយហានិភ័យ។
មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាថា អ្នកការទូត និងអ្នកជំនាញយោធាមកពីប្រទេស ទាំងពីរ នឹងជួបប្រជុំគ្នាសម្រាប់អ្វីដែលគេហៅថា“ កិច្ចសន្ទនាស្ថិរភាពយុទ្ធសាស្ត្រ” ដើម្បីដាក់មូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រង អាវុធ នាពេលអនាគត និងវិធានការកាត់ បន្ថយហានិភ័យ៕