កងទ័ពជើងទឹកអាមេរិក បានលក់នាវាយក្ស សម្រាប់ចុះចត យន្តហោះចម្បាំង របស់ខ្លួនចំនួនពីរគ្រឿង ក្នុងតម្លៃក្នុងមួយគ្រឿងតែ ០.០១ដុល្លារ ដែលស្មើនឹង ៤០រៀលលុយខ្មែរប៉ុណ្ណោះ ទៅកាន់ក្រុមហ៊ុនឯកទេសខាង នាវា International Shipbreaking Limited ដែលស្ថិតនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកនៅដើមខែតុលា ឆ្នាំ២០២១នេះ។ បើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Independent ។
នាវា USS John F. Kennedy
នាវាចម្បាំងទាំងពីរនេះមានឈ្មោះថា USS John F. Kennedy និង USS Kitty Hawk ដែលចាប់ផ្ដើមដាក់ប្រើប្រាស់ នៅក្នុងកំឡុងឆ្នាំ១៩៦០មក ដោយធ្លាប់ប្រឡូកក្នុងសង្គ្រាមធំៗ ដូចជាសង្គ្រាមនៅ វៀតណាម និង សង្គ្រាមនៅឈូងសមុទ្រ នៅតំបន់មជ្ឈិមបូព៌ា។ នាវា Kitty Hawk ត្រូវបានឈប់ប្រើប្រាស់ និងចតទុកចោលចាប់ពីឆ្នាំ២០០៩ មកនិងនាវា JFK វិញចាប់ពីឆ្នាំ២០១៧មក។
ជាទូទៅកងទ័ពជើងទឹកអាមេរិក ចំណាយលុយជាច្រើនសន្ធឹកសន្ធាប់ ទៅឲ្យក្រុមហ៊ុនខាងលើ ដើម្បីយកនាវាចាស់ៗ ដែលខ្លួនឈប់ប្រើប្រាស់ នេះចេញពីកន្លែងខ្លួន ប៉ុន្តែលើកនេះពួកគេថែមទាំង បានលុយមកវិញទៀត ដោយខាងក្រុមហ៊ុន ទិញយក និងធានារ៉ាប់រងថ្លៃ ចំណាយទាំងអស់ លើការសណ្ដោងយកនាវាទាំងពីរចេញ ។
នាវា USS Kitty Hawk
នាវាទាំងពីរត្រូវគេរំពឹងថា នឹងមកដល់ទីតាំង ដុះដូរគ្រឿង ជួសជុលឡើងវិញ របស់ក្រុមហ៊ុនខាងលើនៅឆ្នាំ២០២២ ខាងមុខឯណោះ៕