សិល្បៈ និង កម្សាន្ត

ការចាក់ម្ជុល វិទ្យាសាស្ត្រ អាចជួយបំបាត់ការឈឺចាប់ ដែលទាក់ទងនឹងការថែទាំជំងឺ មហារីកសុដន់ ?

ថ្នាំមហារីកសុដន់ទូទៅមួយចំនួនអាចបង្កឲ្យមានការឈឺចាប់ទៅលើកន្លែងផ្សេង ប៉ុន្តែការស្រាវជ្រាវថ្មីមួយចំនួនបានបង្ហាញថា ការចាក់ម្ជុលវិទ្យាសាស្ត្រអាចបន្ថយផលប៉ះពាល់នោះ។

អ្នកឯកទេសខាងជំងឺមហារីកមួយរូបដែលបានពិនិត្យលើការស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវអាចជាការឈ្នះ-ឈ្នះសម្រាប់អ្នកជំងឺមហារីកសុដន់។

វេជ្ជបណ្ឌិត Lauren Cassell ប្រធានផ្នែកវះកាត់សុដន់នៅមន្ទីរពេទ្យ Lenox Hill ទីក្រុងញូវយ៉កបានមានប្រសាសន៍ថា “ការចាក់ម្ជុលវិទ្យាសាស្ត្រមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ”។

វេជ្ជបណ្ឌិត Lauren Cassell បានបន្ថែមថា “ប្រសិនបើអ្វីដែលសាមញ្ញដូចការចាក់ម្ជុលវិទ្យាសាស្ត្រអាចធ្វើឲ្យប្រសើរឡើងលើរោគសញ្ញាទាំងនេះ និងគុណភាពជីវិតរបស់អ្នកជំងឺ យើងនឹងមានស្ត្រីកាន់តែច្រើនដែលពេញចិត្តក្នុងការព្យាបាលរបស់ពួកគេ ហើយយើងរំពឹងថានឹងមានលទ្ធផលប្រសើរឡើង”។

ការស្រាវជ្រាវថ្មីត្រូវបានដឹកនាំដោយវេជ្ជបណ្ឌិត Dawn Hershman ដែលជាប្រធានកម្មវិធីជំងឺមហារីកសុដន់នៅ NewYork-Presbyterian/Columbia University Medical Center នៅទីក្រុងញូវយ៉កផងដែរ។

ក្រុមរបស់របស់ វេជ្ជបណ្ឌិត Hershman បានតាមដានលទ្ធផលចំពោះស្ត្រីអស់រដូវចំនួន ២២៦ នាក់ដែលមានជំងឺមហារីកសុដន់ដំណាក់កាលដំបូងដែលកំពុងប្រើថ្នាំដែលមានឈ្មោះថា aromatase inhibitors ។

វេជ្ជបណ្ឌិត Hershman បាននិយាយថាថ្នាំទាំងនេះដែលរួមមាន Arimidex, Femara និង Aromasin ក្នុងចំនោមថ្នាំដទៃទៀតត្រូវបានប្រើជាញឹកញាប់ ដើម្បីព្យាបាលស្ត្រីដែលមានជំងឺមហារីកសុដន់។

ប៉ុន្តែ គាត់បានបន្ថែមថា “អ្នកជំងឺជាច្រើនទទួលរងផលប៉ះពាល់ដែលបណ្តាលឲ្យពួកគេខកខានការព្យាបាល ឬបញ្ឈប់ការព្យាបាលទាំងអស់គ្នា។ យើងត្រូវកំណត់យុទ្ធសាស្រ្តដើម្បីគ្រប់គ្រងផលប៉ះពាល់ទាំងនេះដែលជារឿងធម្មតាបំផុតដែលធ្វើឲ្យឈឺសន្លាក់ និងរឹង”។

ក្រុមរបស់វេជ្ជបណ្ឌិតបានឆ្ងល់ថាតើការអនុវត្តន៍ការចាក់ម្ជុលវិទ្យាសាស្ត្របែបបុរាណអាចជួយបានឬអត់។ ក្នុងចំណោមអ្នកជំងឺនៅក្នុងការស្រាវជ្រាវ ១១០ នាក់បានទទួលការចាក់ម្ជុលវិទ្យាសាស្ត្រពិតប្រាកដ ៥៩ នាក់បានទទួលការចាក់ម្ជុលវិទ្យាសាស្ត្រក្លែងក្លាយ (ម្ជុលដាក់នៅចំណុចដែលគ្មានប្រសិទ្ធភាពនៅលើដងខ្លួន) និង ៥៧ ផ្សេងទៀតត្រូវបានដាក់ក្នុងបញ្ជីរង់ចាំ។

អ្នកជំងឺនៅក្នុងក្រុមចាក់ម្ជុលវិទ្យាសាស្ត្រពិត និងក្លែងក្លាយបានឆ្លងកាត់វគ្គពីរដងក្នុងមួយសប្តាហ៍រយៈពេល ៦ សប្តាហ៍បន្ទាប់មកមានវគ្គមួយក្នុងមួយសប្តាហ៍រយៈពេល ៦ សប្តាហ៍ទៀត។

ក្រុមរបស់គាត់បានរាយការណ៍ថា បន្ទាប់ពី ៦ សប្តាហ៍អ្នកជំងឺនៅក្នុងក្រុមចាក់ម្ជុលវិទ្យាសាស្ត្រពិតជាបានរាយការណ៍ថា មានការឈឺចាប់ទាបជាងក្រុមចាក់ម្ជុលវិទ្យាសាស្ត្រក្លែងក្លាយ ឬក្រុមបញ្ជីរង់ចាំ។

ការស្រាវជ្រាវត្រូវបានគ្រោងធ្វើបទបង្ហាញនៅឯសន្និសីទជំងឺមហារីកសុដន់ប្រចាំឆ្នាំនៅសាន់អានតូនីក្នុងរដ្ឋតិចសាស់។

ការរកឃើញនេះអាចមានន័យថា ស្ត្រីដែលមានការឈឺចាប់អាចប្រើថ្នាំយូរជាងនេះ ប្រសិនបើការចាក់ម្ជុលវិទ្យាសាស្ត្រជួយបំបាត់ការឈឺចុកចាប់របស់ពួកគេ”។

ការស្រាវជ្រាវបន្ថែមគួរតែទទួល បានលទ្ធផលល្អប្រសើរជាងនេះ៕ប្រភព៖health.com.kh

Most Popular

To Top