តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian និងសមភាគីប៉ាគីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក Shah Mehmood Qureshi នៅថ្ងៃអង្គារនេះ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ដូចជាវិបត្ដិនៅអាហ្វហ្គានីស្ថានជាដើម។
កិច្ចប្រជុំនេះបានធ្វើឡើងមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលខាងមុខនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាន ក្នុងរដ្ឋធានីតេហេរ៉ង់នៅថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំនោះ លោក Amir Abdollahian បានលើកឡើងថា “យើងជឿថា ការបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយមានការចូលរួមពីក្រុមជនជាតិភាគតិចទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់បំផុត សម្រាប់យើងទាំងអស់គ្នា”។
សម្រាប់ផ្នែករបស់លោក Qureshi បានលើកឡើងថា “ប្រជាជនអាហ្វហ្គានីស្ថាន សមនឹងទទួលបានសន្តិភាព និងភាពស្ងប់ស្ងាត់” ។
លោក Qureshi បានកត់សម្គាល់ថា “អស់រយៈពេល ៤ទសវត្សរ៍មកហើយ ពួកគេ (អាហ្វហ្គានីស្ថាន) បានរងទុក្ខ។ យើងជាអ្នកជិតខាងរបស់អាហ្វហ្គានីស្ថាន ដោយបានចាប់ដៃគ្នា ផ្តល់សារយ៉ាងច្បាស់លាស់ដល់ជនជាតិអាហ្វហ្គានីស្ថានថា យើងជាអ្នកជិតខាង ឈរក្បែរអ្នកក្នុងគ្រាដ៏លំបាកទាំងនេះ”។
លោក Qureshi ក៏បានសម្តែងការប្តេជ្ញាចិត្តរបស់ប្រទេសលោក ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយអ៊ីរ៉ង់ លើគ្រប់វិស័យ ដោយបន្ថែមថាប៉ាគីស្ថាន ចាត់ទុកអ៊ីរ៉ង់ ជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងជាប្រទេសសំខាន់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន៕ដោយ ឈូក បូរ៉ា