រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បានកាត់ទោសជំនួយការ ជិតស្និទ្ធរបស់មេដឹកនាំជនស៊ីវិល ដែលត្រូវបានបណ្តេញ ចេញពីតំណែង លោកស្រី Aung San Suu Kyi ឲ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ ពីបទក្បត់ជាតិ ។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធា បានឡើងកាន់អំណាច ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ជាមួយនឹងការតវ៉ា ទូទាំងប្រទេស និងមនុស្សជាង១.១០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមក្រុមឃ្លាំមើល នៅក្នុងតំបន់ ។
មេធាវី Myint Thwin បានប្រាប់ថា “លោក U Win Htein ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ ក្រោមមាត្រា១២៤A ដោយតុលាការពិសេស “ ដោយបានបន្ថែមថា ពួកគេនឹងប្តឹងឧទ្ធរណ៍ ។
អតីតសមាជិកសភា គឺជាសមាជិកជាន់ខ្ពស់ដំបូងគេ នៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានកាត់ទោស ដោយរបបយោធាបន្ទាប់ពីការកាត់ក្តី ។
បុរសវ័យ៨០ឆ្នាំ គឺជាអ្នកទោស នយោបាយយូរ មកហើយ ដែលបានចំណាយពេលយូរក្នុង និងក្រៅការឃុំឃាំង សម្រាប់យុទ្ធនាការប្រឆាំង នឹងការគ្រប់គ្រងដោយយោធា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា