អ្នកស្រី Karine Elharrar រដ្ឋមន្ត្រីក្រសួង ហេដ្ឋារចនាសម្ពន្ធជាតិ ថាមពលនិងធនធានទឹក ប្រទេសអ៊ីស្រាអែល ដែលជាជនពិការជើង មិនអាចចូលរួមសន្និសីទ បម្រែបម្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២១ (2021 United Nations Climate Change Conference) ឬ COP26 នៅឯទីក្រុងក្លាសហ្គូ (Glasgow) ប្រទេសស្កុតឡែន កាលពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះទេ ដោយសារតែកន្លែងប្រជុំ មិនមានផ្លូវសម្រាប់រទេះរុញជនពិការ។ នេះបើយោងតាមការចុះផ្សាយ របស់ BBC នៅក្នុងថ្ងៃនេះ។
បើអ្នកនាំពាក្យ ក្រសួងរបស់អ្នកស្រី បាននិយាយទៅកាន់សារព័ត៌មាន Times of Israel បានឲ្យដឹងថា អ្នកស្រីបានរង់ចាំរយៈពេល ២ម៉ោង នៅក្រៅកន្លែងកិច្ចប្រជុំខាងលើ ដែលជាលទ្ធផល អ្នកស្រីត្រូវបង្ខំចាកចេញពីទីនោះ មកកាន់កន្លែងស្នាក់នៅវិញ ក្រោយមិនមានដំណោះស្រាយ ឲ្យអ្នកស្រីអាចមានលទ្ធភាព ចូលរួមបាន។
អ្នកស្រី Elharrar បានបង្ហោះនៅលើបណ្ដាញសង្គម Twitter របស់អ្នកស្រីផ្ទាល់ ក៏ដូចនិយាយទៅកាន់ សារព័ត៌មានផ្សេងៗថា អ្នកពិតជាអន់ចិត្ត នឹងអ្នករៀបចំកម្មវិធី (UN) នេះយ៉ាងខ្លាំង ដែលមិនបានផ្ដល់លក្ខណៈ ឲ្យជនពិការដូចជាអ្នកស្រីចូលរួមកម្មវិធីនេះបាន ដោយសារតែ នៅកន្លែងកិច្ចប្រជុំនោះ មិនមានផ្លូវសម្រាប់រទេះរុញជនពិការ ឲ្យត្រឹមត្រូវឡើយ ដោយមានតែកន្លែងដើរប៉ុណ្ណោះ។
ទាក់ទងនឹងរឿងនេះលោក James Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងថា លោកមិនសប្បាយចិត្តទេ នូវឃើញអ្នកស្រី Elharrar មិនអាចមានលទ្ធភាពចូលប្រជុំ កាលពីម្សិលមិញនេះ ដោយលោកក៏បានបញ្ជាក់ ទៅកាន់រដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះថា កន្លែងប្រជុំនេះធ្វើឡើង សម្រាប់អ្នកគ្រប់គ្នាទាំងអស់ (ទាំងពិការ និងមិនពិការ) អាចចូលរួមបាន អញ្ចឹងលោកសង្ឃឹមថា អ្នកស្រីនៅមកចូលរួមប្រជុំនេះ នៅថ្ងៃអង្គារនេះផងដែរ៕ Source: Sabay