កីឡា

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ WT ឧបត្ថម្ភអាល់កុល ២០កាន ដល់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា

ភ្នំពេញ៖ លោក ឆយ យ៉ុងសុក ដែលជាគ្រូបង្វឹកកីឡាតេក្វាន់ដូ WT នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំយកអាល់កុល ចំនួន ២០កានឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិហ្វឹកហាត់ កីឡានៃក្រសួងអប់រំ យុវជន និងកីឡា នៅពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ។

លោក ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា ការឧបត្ថម្ភខាងលើនេះ ជាការចូលរួមចំណែកសង្គម ស្របពេលក្រុមកីឡាករ-កីឡាការិនី ចំនួន២០ប្រភេទ កំពុងជំរំហ្វឹកហាត់បិទខ្ទប់ ដើម្បីត្រៀមខ្លួន ពង្រឹងសមត្ថភាពមុខទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ដែលនឹប្រព្រឹត្តទៅនាពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីម្ចាស់វៀតណាម លើកពេលប្រកួត។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រាប់ឲ្យដឹងថា នេះជាទឹកចិត្តរបស់លោក ឆយ យ៉ុងសុក តែងតែផ្តល់ការឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ជាបន្តបន្ទាប់ ចាប់តាំងពីមាន COVID-19 មក ដូចជាអាល់កុលសម្លាប់មេរោគ សម្ភារមួយចំនួន ក៏ដូចជាជួយស្វះស្វែងរកជំនួយឧបត្ថម្ភផ្សេងៗទៀត ពីក្រុមហ៊ុនកូរ៉េនានា។

លោកបានបន្តថា លោកគ្រូ ឆយ យ៉ុងសុក បានរួមចំណែកជួយដល់ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ហើយនៅថ្ងៃនេះលោកគ្រូ បានជួយឧបត្ថម្ភអាល់កុលបន្ថែមទៀត ដើម្បីប្រើប្រាស់ដល់តម្រូវការចំាបាច់ ដល់ក្រុមជម្រើសជាតិ ប្រមាណ ២០ប្រភេទកីឡា ដែលមានកីឡាករ កីឡាការិនី ជាង៤០០នាក់ ដែលកំពុងហ្វឹកហាត់ បិទខ្ទប់នៅពហុកីឡដ្ឋានជាតិ មរតកតេជោនេះ។

សូមបញ្ជាក់ថា នៅក្នុងជំរំហ្វឹកហាត់បិទខ្ទប់នេះ កីឡាករ កីឡាការិនីមានកម្មវិធីហ្វឹកហាត់ ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ក្នុង១ថ្ងៃ៦ម៉ោង និងថ្ងៃសុក្រដល់ថ្ងៃសៅរ៍ ត្រូវហ្វឹកហាត់ ៨ម៉ោង ដើម្បីបង្កើនគុណភាពបច្ចេកទេស ឲ្យបានកាន់តែប្រសើរ ដើម្បីស៊ីហ្គេម គោលដៅ២លើកចំពោះមុខ។

មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាខិតខំ ដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាដោះស្រាយលើមធ្យោបាយដឹកជញ្ជូន អាហារប្រចាំថ្ងៃជូន ដល់ក្រុមជម្រើសជាតិ ដែលចែកជាផ្នែកៗពីគ្នា ដោយអនុវត្តតាមស្តង់ដារសុវត្ថិភាព SOP ក៏ដូចជាវិធានការ រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការកុំឲ្យមានការឆ្លងរីករាលរាល COVID-19 នៅក្នុងជំរំហ្វឹកហាត់បិទខ្ទប់នេះ៕ ដោយ៖លី ភីលីព

Most Popular

To Top