កីឡា

លោក ស សុខា៖ អត្តពលិកប៉េតង់គ្រប់រូប ទៅប្រកួតជើងឯក ប៉េតង់ពិភពលោក សុទ្ធសឹងទទួលជ្រើសរើស យ៉ាងត្រឹមត្រូវ

ភ្នំពេញ៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអញ្ជើញចូលរួម បិទកម្មវិធីការប្រកួតកីឡាប៊ូល និងប៉េតង់ផ្ទៃក្នុង នៃក្រុមជម្រើសជាតិតាមជំនាញ ព្រមទំាងសំណោះសំណាល់ ជាមួយក្រុមកីឡាករ-កីឡាការីនី មុខចេញទៅការប្រកួតជើងឯក ប៉េតង់ពិភពលោក នៅទីក្រុង Santa ប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស សុខាបានមានប្រសាសន៍ថា សម្រាប់ក្រុមកីឡាករ-កីឡាការីនីដែលមានទៅចូលរួមការណ៍ ការប្រកួតជើងឯកប៉េតង់ពិភពលោក “The 2021 World Triplets Precisions Shooting Championships ” នឹងមានការរៀបចំឡើង ចំនួន៣ជើងឯកពិភពលោកចូលគ្នាតែម្តង នៅទីក្រុង Santa ប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សុទ្ធសឹងជាអត្តពលិក មានសមត្ថភាពខ្ពស់ និងទទួលការធ្វើតេស្តិ៍ យ៉ាងត្រឹមត្រូវ ពីគណៈកម្មការបច្ចេកទេស។

ក្រុមអត្តពលិកប៉េតង់មិនមែន ជាការជ្រើសរើសយកតែបក្សពួកឡើយ ទោះបីកីឡាករ-កីឡាការីនីទំាងនេះដដែលក៏ដោយ ដោយសារតែពួកគេ មានការយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ជាមួយលោកគ្រូបង្វឹក តាមកម្មវិធីហ្វឹកហាត់ យ៉ាងត្រឹមត្រូវ ព្រមទំាងមាន ការធ្វើតេស្តិ៍រាល់ខែ។

លោកប្រធានបានបន្តថា បានក្រើនរំឭកជូនដល់កីឡាករ-កីឡាការិនី ជម្រើសជាតិទាំងអស់ ត្រូវប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីប្រជែងមេដាយយកមកជូនជាតិ នៃព្រឹត្តិការណ៍ជើងឯកពិភពលោក ខាងមុខជាបន្តបន្ទាប់នេះ ពីព្រោះថា កម្ពុជា គឺជាមហាអំណាច ក្នុងវិស័យកីឡាប៉េតង់ពិភពលោក ដោយកម្ពុជាធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ ជាពិសេសយុវនារី អាចមើលឃើញពីគំរូ របស់លោកស្រី កែ ឡេង ដែលជាអតីតវីរកីឡាការិនីកម្ពុជា ធ្លាប់កសាងបានភាពល្បីល្បាញ លើពិភពលោក ដោយឈ្នះមេដាយមាស ពីជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នាកន្លងទៅនេះ។

ការប្រកួតកីឡាប៊ូល និងប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិ តាមជំនាញនេះមានរយៈពេល ២ថ្ងៃគឺថ្ងៃទី៤-៥វិច្ឆិកា។ ចំណែកឯវិញ្ញាសាប្រកួត មានចំនួន៣ គឺវិញ្ញាសា វាយយកពិន្ទុ នារី-បុរស វិញ្ញាសា ឯកក្តជន នារី-បុរស និងវិញ្ញាសា ចូលប៊ូល នារី-បុរស៕ ដោយ៖លី ភីលីព

Most Popular

To Top